(សេអ៊ូល)៖ កូរ៉េខាងជើង នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាអូឡាំពិក ឬកីឡាជនពិការរដូវរងារ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅខែក្រោយនេះ ហើយកីឡាករ ជិះស្គីជនពិការកូរ៉េខាងជើងពីររូបសង្ឃឹមថា ពួកគេនឹងទទួលបានមេដាយជូនជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៩។
លោក ម៉ា យូជុល (Ma You-chul) និង លោក គីម ជុងយុន (Kim Jung-hyun) គឺជាអ្នកជិះស្គីជនពិការ តំណាងឱ្យប្រទេសកូរ៉េខាងជើង ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាអូឡាំពិករដូវរងារ រៀបចំឡើងដោយនៅឯទីក្រុង Pyong Chang ប្រទេសកូរ៉េខាងត្បូង នៅខែមីនាខាងមុខនេះ។ ការសម្រេចចិត្ត របស់កូរ៉េខាងជើងក្នុងការបញ្ជូនកីឡាករ និងប្រតិភូកីឡាធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់។
ដោយឡែក សម្រាប់លោក Ma You-chul លោកទើបតែបានរៀនជិះស្គី កាលពីខែធ្នូកន្លងទៅតែប៉ុណ្ណោះ ព្រោះនៅមុខនេះលោកគឺជាកីឡាករវាយកូនបាល់នៅលើតុ ប៉ុន្តែយ៉ាងណា លោកនៅតែសង្ឃឹមថា លោកនឹងអាចទទួលបានមេដាយជូនជាតិ។ លោក Ma ដែលបានកើតនៅក្នុងទីក្រុងព្យុងយ៉ាង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលលោកមានអាយុ ០៥ឆ្នាំ ហើយបានធ្វើឱ្យជើងរបស់លោកទាំងពីរពិការ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងដើរជាក្បួនដង្ហែរួមគ្នាក្រោមទង់ជាតិកូរ៉េរួបរួមតែមាន ហើយមិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងក៏បានប្រកាសថា នឹងបញ្ជូនប្រតិភូ និងកីឡាករ ៥៥០នាក់ ឱ្យទៅចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាពិក និងប៉ារ៉ាអូឡាំពិកនៅកូរ៉េខាងត្បូងផងដែរ៕