(យ៉េមែន)៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ បានឱ្យដឹងថា កុមារជាង ៥០០០នាក់ បានស្លាប់ និងរងរបួសធ្ងន់ ដោយសារសង្គ្រាមក្នុងប្រទេស យ៉េមែន ព្រមទំាងបានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើការដើម្បីការពារកុមារ និងបញ្ចប់សង្គ្រាមក្នុងប្រទេសនេះឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។
អង្គការ យូនីសេហ្វ បានចេញផ្សាយនូវរបាយការណ៍ពីកុមារដែលបានរងគ្រោះក្នុងប្រទេសដោយសារសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលបីឆ្នាំ។ របាយការណ៍បានចង្អុលបង្ហាញថា កុមារជាង១១លាននាក់ មានន័យថាស្ទើរតែកុមារទាំងអស់ក្នុងប្រទេសនេះ កំពុងត្រូវការជំនួយជាបន្ទាន់។ ប្រភពដដែលក៏បានព្រមានផងដែរថា កុមារជាង ៤០០ពាន់នាក់ អាយុក្រោម ៥ឆ្នាំកំពុងស្ថិតនៅក្នុងស្ថានភាពនៃការគំរាមកំហែងជាខ្លាំង។
មន្រ្តីអង្គការ យូនីសេហ្វ បានប្រាប់អ្នកសារព័ត៌មានប្រចាំទីក្រុង Sanaa ប្រទេស យ៉េមែនថា អង្គការនឹងបន្តផ្តល់ជំនួយផ្នែកអាហារូបត្ថម្ភ អនាម័យ និងការអប់រំដល់កុមារក្នុងប្រទេសនេះ និងតំបន់ផ្សេងៗទៀត៕