(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីបានព្រមានថា ខ្លួនមិនរារែកឡើយក្នុងការធ្វើសកម្មភាពនៅក្នុងតំបន់ អាល់ហ្វ្រីន (Afrin) និងតំបន់ដទៃទៀតនៃប្រទេសស៊ីរី រហូតទាល់តែសហរដ្ឋអាមេរិកបញ្ឈប់ការ គំាទ្រកងកម្លាំងឃើដ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានច្រានចោលរាល់ការចោទថា ខ្លួនមានផែនការបង្កើតកងកម្លាំងឃើដមួយនៅស៊ីរី ដោយអះអាងថា មនុស្សមួយចំនួនបាននិយាយខុសពីការពិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ (Erdogan) បានព្រមានម្ដងហើយម្ដងទៀត ពីការធ្វើសកម្មភាពយោធានៅក្នុងតំបន់ Afrin ក្រោយលេចលឺដំណឹងថា ទីក្រុងវ៉ាស៊ីនតោន មានបំណងជួយដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់។ គំរោងនេះបានធ្វើ ឱ្យតួកគីអាក់អន់ចិត្តជាខ្លាំង ត្បិតទីក្រុងអង់ការ៉ាបានចាត់ទុកថា កងកម្លាំងឃើដ YGP គឺមានទំនាក់ទំនងជាមួយក្រុមគណបក្សពលករឃើដ PKK ដែលបាននិងកំពុងដឹកនាំការ ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងតួកគី នៅភាគអាគេ្នយ៍នៃប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៨៤មក។
PKK ត្រូវបានតួកគី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកខ្លួនឯងហៅថា ជាក្រុមភេរវករ។ តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយដោយបញ្ជាក់ថា សហរដ្ឋអាមេរិក គ្មានបំណងបង្កើតកងកម្លាំងព្រំដែនស៊ីរី-តួកគីនោះទេ ហើយថានេះគឺជារឿងមិនពិត។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) ក៏បាននិយាយដែរថា រុស្ស៊ីមិនគួរជំទាស់នឹងប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ Afrin ហើយថានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី៕