(ញូដេលី)៖ ខណៈស្ថានការណ៍ព្រំដែនជាប៉ាគីស្ថាន នៅតែស្ថិតក្នុងភាពក្តីគគុកនោះ នាថ្ងៃព្រហស្បតិ៍នេះប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោង ប្រភេទឆ្លងទ្វីប Agni-V របស់ខ្លួនដោយជោគជ័យ ដោយគ្រាប់មីស៊ីលនោះ បានវាយប្រហារចំគោលដៅនៅចម្ងាយជាង ៥,០០០គីឡូម៉ែត្រ ពីឆ្នេររដ្ឋ Odisha ភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ការធ្វើតេស្តសព្វាវុធធុនធ្ងន់ខាងលើ កំពុងត្រូវបានគេចាត់ទុកថា ជាជំហ៊ានបោះពួយទៅមុខយ៉ាងរលូនមួយកម្រិតទៀត ក្រោមគោលដៅមហិច្ឆតានៃការដាក់បញ្ជូលគ្រាប់មីស៊ីលផ្លោងនេះ ទៅក្នុងការប្រើប្រាស់របស់កងបញ្ជាការនុយក្លេអ៊ែរឥណ្ឌា SFC ។ យ៉ាងណាមិញ ការធ្វើតេស្តមួយចំនួនទៀត មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ មុនពេលដែលមីស៊ីលទម្ងន់ ៥០តោន នេះអាចត្រូវផលិតឡើងក្នុងទ្រង់ទ្រាយធំគ្រប់គ្រាន់ សម្រាប់ការដាក់បញ្ជូលឲ្យប្រើប្រាស់ជាផ្លូវការបាន។
គួរជម្រាបថា កងកម្លាំង SFC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ដើម្បីធ្វើការគ្រប់គ្រងទៅលើអាវុធនុយក្លេអ៊ែរ របស់មហាយក្សទី ២ នៅអាស៊ីមួយនេះ។ ដោយឡែកក្រៅពីមីស៊ីលរយៈចម្ងាយខ្លី Prithvi និង Dhanush SFC បានដាក់បញ្ជូលមីស៊ីលផ្លោង Agni-i, Agni-II, និង Agni-III ទៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលអាចប្រើប្រាស់បានរបស់ខ្លួន រួចស្រេចទៅហើយ៕