(វ៉ាស៊ីនតោន)៖ ចំនួនប្រជាជនអាមេរិក ដែលមើលឃើញពីភាពលម្អៀង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានកើនឡើង ២០ភាគរយ ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ ហើយ ភាគច្រើនក្នុងចំណោមពួកគេ ថែមទាំងនិយាយដែរថា មិនអាចកំណត់ពីសារព័ត៌មាន ដែលមានប្រភពច្បាស់លាស់បាននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិចេញផ្សាយដោយក្រុមហ៊ុនផ្នែកសិក្សាស្រាវជ្រាវ The Gallup ប្រជាជនអាមេរិក ៤៥ភាគរយ យល់ឃើញថា មានភាពលម្អៀងផ្នែកនយោបាយនៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក ពោលគឺកើនឡើងពី ២៥ភាគរយ ក្នុងឆ្នាំ១៩៨៩ ដល់ ៣៧ភាគរយ ក្នុងឆ្នាំ២០១២។ ជាងនេះទៅទៀត The Gallup ក៏បានបញ្ជាក់ដែរថា ប្រជាជនអាមេរិក ៦៨ភាគរយ និយាយថា ប្រព័ន្ធផ្សព្វផ្សាយធ្វើការងារមិនបានល្អ ហើយ ៤៤ភាគរយថា អាចកំណត់ពីសារព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ខណៈ ៥១ភាគរយ ថាពួកគេមិនអាចកំណត់ថា សារព័ត៌មានណាមួយមានប្រភពច្បាស់នោះឡើយ។
គួរបញ្ជាក់ថា លទ្ធផលស្ទង់មតិខាងលើត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ចំថ្ងៃដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីជ័យលាភីព័ត៌មានបោកប្រាស ឬ Fake News Awards ឆ្នាំ២០១៧ ដោយមានអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗបី ជាប់ចំណាត់ថ្នាក់កំពូលរួមមាន New York Times ABC News និង CNN៕