(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមបញ្ជូន ប្រព័ន្ធខែលការពារមីស៊ីល S-400 ទៅឱ្យប្រទេសចិនជាបណ្តើរៗហើយ ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខា តាំងតែពីឆ្នាំ២០១៤។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ផ្អែកលើប្រភពជិតស្និទ្ធនឹងកិច្ចព្រមព្រៀងខាងលើ បានគូសបញ្ជាក់ថា ការអនុវត្តន៍កិច្ចព្រមព្រៀងទិញ S-400 បានចាប់ផ្ដើម ហើយការដឹកជញ្ជូន ដំបូងត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន។ ការដឹកជញ្ជូននេះ រួមមានប្រព័ន្ធគ្រប់គ្រងរ៉ាដា ប្រព័ន្ធថាមពល រួមទាំងបរិក្ខាគាំទ្រ គ្រឿងបន្លាស់ និងប្រព័ន្ធផ្សេងៗទៀតរបស់ S-400។
គួររំលឹកថា រុស្ស៊ី និងចិនបានឈានដល់កិច្ចព្រមព្រៀងលក់ និងទិញប្រព័ន្ធមីស៊ីល S-400 ០៦គ្រឿង កាលពីឆ្នាំ២០១៤ ក្នុងតម្លៃជាង ៣ពាន់លានដុល្លារ។ ប៉ុន្តែទន្ទឹមគ្នា ឥណ្ឌា និងតួកគី ក៏កំពុងដំណើរការនីតិវិធី ទិញប្រព័ន្ធការពារដែនអាកាសមួយនេះពីរុស្ស៊ីផងដែរ ក្នុងតម្លៃខ្ទង់ពាន់លានដុល្លារ ដូចនឹងមហាយក្សចិន៕