(កាណាដា)៖ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ការធ្វើចរាចរណ៍ផ្លូវអាកាសទូទាំងសាកលលោក មានការកើនឡើងយ៉ាងក្រៃលែង ប៉ុន្តែទោះបីជាបែបនេះក្តី ឆ្នាំមុននេះក៏ជាប់ជាឆ្នាំដែលចរាចរណ៍ផ្លូវអាកាស មានភាពស្ងប់សុខជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅក្នុងឆ្នាំ២០១៧ មានដល់ទៅ ៤.១ពាន់លាននាក់ ដែលវាគឺជាការកើនឡើងក្នុងអត្រា ៧.១ភាគរយពីឆ្នាំ២០១៦ បើតាមទិន្នន័យរបស់អង្គការ ICAO។ ប្រធានក្រុមប្រឹក្សារបស់ ICAO លោក អូលូមូយីវ៉ា បេណាដ អាលុយ (Olumuyiwa Benard Aliu) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ចេញពីទីភ្នាក់ងារដែលមានមូលដ្ឋានក្នុងទីក្រុង Montreal ប្រទេសកាណាដាថា «ចីរភាពនៃកំណើនដ៏ខ្លាំងក្លា នៅក្នុងការធ្វើដំណើរតាមអាកាសចរណ៍ស៊ីវិល ជុំវិញពិភពលោក ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ តាមរយៈភាពកាន់តែបន្តប្រសើរឡើង នៃកត្តាសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ព្រមទាំងបរិយាកាសធ្វើដំណើររបស់វា»។
គួរជម្រាបថា នាពេលថ្មីៗនេះការសិក្សាចំនួនពីរ ក៏បានបង្ហាញផងដែរថា ឆ្នាំមុននេះ គឺជាឆ្នាំប្រកបដោយសុវត្ថិភាពជាងគេបង្អស់ សម្រាប់ការធ្វើដំណើរនៃអាកាសចរណ៍ស៊ីវិល គិតចាប់តាំងតែពីស្ថិតិនៃហេតុការណ៍ធ្លាក់យន្តហោះ ត្រូវបានគេចងក្រងជាលើកដំបូងកាលពីឆ្នាំ១៩៤៦៕