(អាមេរិក)៖ ផ្កាយដ៏សែនឆ្ងាយមួយដួង នៅក្នុងក្រុមផ្កាយ NGC 3201 ដែលកំពុងបង្ហាញអការៈដ៏ចម្លែក អាចនាំពួកយើងព្យាយាមឆ្ពោះទៅរក ការលាតត្រដាងពីអាថ៌កំបាំងមួយ។ តារាវិទូអន្តរជាតិមួយក្រុម មានការយល់ឃើញថា វាបង្ហាញឥរិយាបថដូច្នេះ គឺដោយសារតែផ្កាយមួយនោះ កំពុងតែធ្វើដំណើរជុំវិញប្រហោងខ្មៅ (Black Hole) ដ៏ធំមួយ មានម៉ាស់ស្មើនឹងម៉ាស់របស់ព្រះអាទិត្យដល់ទៅបួនដង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ អវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បានប្រទះឃើញដួងតារានោះ ធ្វើដំណើរទៅនិងមក នៅក្នុងល្បឿនរាប់រយគីឡូម៉ែត្រក្នុងម៉ោង នៅក្នុងវដ្តន៍សកម្មភាពដែលកើតមានឡើងជាដដែលៗ នារៀងរាល់រយៈពេល ១៦៧ថ្ងៃ។ ប្រធានក្រុមស្រាវស្រាវ លោក Benjamin Giesers បានឲ្យដឹងថា ផ្កាយមួយនោះកំពុងធ្វើគោចរជុំវិញអ្វីម៉្យាង ដែលបំបាំងខ្លួនងងឹតសូន្យឈឹងពីក្រសែភ្នែករបស់យើង និងមានម៉ាស់លើសពីម៉ាស់របស់ព្រះអាទិត្យដល់ទៅជាង ០៤ដង ដែលវាពុំអាចជាអ្វីផ្សេងក្រៅតែពីប្រហោងខ្មៅឡើយ។
គួរជម្រាបថា មិនដូចប្រហោងខ្មៅសកម្មដទៃទៀតឡើយ ប្រហោងខ្មៅនៅក្នុងប្រព័ន្ធផ្កាយនេះ ប្រសិនបើវាពិតជាមានវត្តមានមែននោះ មិនកំពុងស្រូបយករូបធាតុ ឬក៏បញ្ចេញឧស្ម័នអ្វីនោះទេ។ ហេតុនេះហើយ ទើបវាពិតជាពិបាកក្នុងការត្រូវគេប្រទះឃើញ។ ខណៈផ្កាយមួយដួងនោះ មានម៉ាស់ប្រហាក់ប្រហែលនឹង ០.៨ដង នៃម៉ាស់របស់ព្រះអាទិត្យ អ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណម៉ាស់របស់ប្រហោងខ្មៅនោះថា ស្មើនឹង ៤.៣៦ដង នៃម៉ាសរបស់ព្រះអាទិត្យ ដោយផ្អែកទៅលើចលនារបស់តារានោះ នៅជុំវិញប្រហោងខ្មៅបំបាំងកាយ។
បញ្ជាក់៖ កន្លងមកក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រល្បីៗមួយចំនួន បានសន្និដ្ឋានថា ប្រហោងខ្មៅកើតចេញពី ការផ្ទុះនៃផ្កាយដ៏ធំមហិមា ដែលអាចមានទំហំចាប់ពីប៉ុនព្រះអាទិត្យ ៣ ទៅ ៤ដងឡើងទៅ។ ការរីកមាឌនៃប្រហោងខ្មៅនិមួយៗ គឺដោយសារតែវា ធ្វើចលនាស្រូបយកវត្ថុផ្សេងដែលនៅជុំវិញវា (ចលនាស្រូបកម្ទេច)។ Black Hole ឬប្រហោងខ្មៅ ត្រូវបានចាត់ទុកជាព្យុះកំណាចក្នុងកាឡាក់ស៊ី ហើយប្រហោងខ្មៅដែលធំបំផុត នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ គឺស្ថិតនៅចំកណ្តាលដើមទ្រូងកាឡាក់ស៊ីតែម្តង៕