(អង់ការ៉ា)៖ មនុស្សបីនាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះធ្លាក់យន្ដហោះយោធាតួកគីមួយគ្រឿងធុន CASA CN-235 នៅឯភាគខាងត្បូងទីក្រុង Isparta នៃខេត្ត Anatolia ប្រទេសតួកគី នៅអំឡុងពេលហ្វឹកហាត់។ នេះបើតាមប្រភពពីមន្ត្រីយោធាតួកគី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
យោធាតួកគី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងថា អ្នកបើកយន្ដហោះពីរនាក់ និងអ្នកបច្ចេកទេសម្នាក់ បានជិះនៅលើយន្ដហោះ CN-235 ហើយអ្នកទាំងបីនាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ កាលពីថ្ងៃពុធ នៅក្បែរបឹង Egirdir Lake។ យោធាតួកគី បន្ថែមទៀតថា យន្ដហោះនេះបានដាច់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា នៅម៉ោង ១២៖៥០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងតំបន់) ហើយក្រុមអ្នកជួយសង្រ្គោះ បានរកឃើញបំណែកយន្ដហោះក្រោយទទួលបានដំណឹង។ ប៉ុន្តែ មូលហេតុធ្លាក់មិនទាន់ត្រូវបានគេកំណត់ នៅឡើយទេ ខណៈគេជឿជាក់ថា វាអាចមកពីបញ្ហាអាកាសធាតុ។
គួរបញ្ជាក់ថា យន្ដហោះ CASA CN-235 ជាប្រភេទយន្ដហោះយោធាដឹកជញ្ជូនរយៈចំងាយមធ្យម ផលិតឡើងដោយក្រុមហ៊ុនរបស់អេស្ប៉ាញ Construcciones Aeronauticas SA និងក្រុមហ៊ុន Indonesian Aerospace។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី យន្ដហោះប្រភេទនេះ ដែលកំពុងបម្រើកងទ័ពអាកាសតួកគី បានធ្លាក់បីដងរួចមកហើយ ក្នុងនោះរួមមានទាំងគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០១ ដោយបណ្ដាលឱ្យកងទ័ពតួកគី ៣៤នាក់ បាត់បង់ជីវិត៕