(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បាននិយាយថា កូរ៉េខាងត្បូងនឹងបន្តធ្វើកិច្ចចរចាកម្រិតខ្ពស់ជាមួយកូរ៉េខាងជើង ក្រោមការឃ្លាំមើលយ៉ាង យកចិត្តទុកដាក់ ខណៈមានការព្រមានជាច្រើនពីអន្តរជាតិថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងប្រើប្រាស់កិច្ចចរចា ដើម្បីបន្តការអភិវឌ្ឍ ឬធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះ របស់លោកស្រី Kang កើតមានឡើងក្រោយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono កាលពីថ្ងៃពុធម្សិលមិញ បានកត់សម្គាល់ថា ពិភពលោកមិនគួរ ធ្វេសប្រហែសចំពោះកូរ៉េខាងជើងនោះទេ។ «នេះមិនមែនជាពេលត្រូវបន្ធូរបន្ថយការដាក់សម្ពាធ ឬលើកទឹកចិត្តកូរ៉េខាងជើងឡើយ ដ្បិតជាការពិតណាស់ ការដែលកូរ៉េខាងជើងកំពុងចូលរួមក្នុងកិច្ចសន្ទនា គឺបានបង្ហាញថាការដាក់ទណ្ឌកម្មកំពុងដំណើរការ»។ នេះជាការលើកឡើងរបស់ លោករដ្ឋមន្ត្រីការបរទេសជប៉ុន។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Kang Kyung-wha បានអះអាងថា កូរ៉េខាងត្បូងនឹងបន្តធ្វើកិច្ចចរចាកំរិតខ្ពស់ជាមួយកូរ៉េខាងជើង ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ លោកស្រី បន្ថែមយ៉ាងដូច្នេះថា «យើងកំពុងបង្កើតឱកាសដ៏អស្ចារ្យ... ខ្ញុំគិតថាយើងស្គាល់កូរ៉េខាងជើង ច្បាស់ជាងនរណាៗទាំងអស់ ដោយយើងបានដោះស្រាយជាមួយកូរ៉េខាងជើង អស់រយៈពេលរាប់ទសវត្សរ៍ និងកំពុងមានកិច្ចពិភាក្សាជាបន្តបន្ទាប់ផងដែរ»។
គួររំលឹកថា កាលពីឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជាផេះ នៅក្នុងករណីចាំបាច់ត្រូវការពារខ្លួន និងសម្ព័ន្ធមិត្តពីការវាយប្រហារណាមួយ ពីសំណាក់ទីក្រុងព្យុងយ៉ាង។ ដូច្នេះ បើតាមក្រុមអ្នកជំនាញខ្លះ កិច្ចសន្ទនាបច្ចុប្បន្នរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រាន់តែអាចបន្ធូរបន្ថយភាពតានតឹង មួយរយៈតែប៉ុណ្ណោះ នៅក្នុងបរិបទដែលកូរ៉េខាងជើង នៅតែប្រកាន់ជំហរថា ខ្លួនត្រូវការអាវុធនុយក្លេអ៊ែរជាដាច់ខាត ដើម្បីកំញើញសហរដ្ឋអាមេរិក៕