(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីឈ្មោះជ័យលាភី នៃពានរង្វាន់ព័ត៌មានបោកប្រាស់ ឬ Fake News Awards ឆ្នាំ២០១៧ របស់លោកហើយ ខណៈគេហទំព័រជាច្រើនត្រូវជាប់គាំង ដោយសារតែមានអ្នកចូលមើលច្រើនហួសហេតុពេក។ អ្នកសារព័ត៌មានដែលបានទទួលពានរង្វាន់កិត្តិយសនេះពី លោក ត្រាំ រួមមានមកពីសារព័ត៌មាន New York Times និង CNN ដែលឈរក្នុងចំណាប់ថ្នាក់កំពូលទាំងបី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
យោងតាមគេហទំព័រប្លុកមួយរបស់គេហទំព័រ នៃគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃពុធ អ្នកសារព័ត៌មានសេដ្ឋកិច្ច លោក Paul Krugman មកពី New York Times ដែលជាអ្នក រិះគន់នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ថា សេដ្ឋកិច្ចអាមេរិកនឹងមិនអាចងើបឡើងវិញឡើយ បើសិនជាលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី បានជាប់ចំណាត់ថ្នាក់លេខមួយ នៃពានរង្វាន់ Fake News Awards នេះ។
ចំណែកឯ លេខពីរគឺបានទៅលើអ្នកសារព័ត៌មាន ABC News លោក Brian Ross។ អ្នកសារព័ត៌មានរូបនេះបានរាយការណ៍ជាបន្តបន្ទាប់ ពីរឿងអាស្រូវទំនាក់ទំនងរវាងលោក ត្រាំ និងរុស្ស៊ី ខណៈអ្នកសារព័ត៌មានមកពី CNN ជាប់លេខបី។ ជាងនេះទៅទៀត បើទោះបីជាមិនបានលើកឈ្មោះចំៗ ប៉ុន្តែគេដឹងថា អ្នកសារព័ត៌មាន CNN គឺលោក Manu Raju ជាអ្នកទទួលបានជ័យលាភីនេះ ក្រោយលោករាយការណ៍ថា កូនប្រុសរបស់លោក ត្រាំ គឺលោក Donald Trump Jr. ទទួលបានព័ត៌មានមិនល្អជាច្រើនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ពីអ្នកសារព័ត៌មានដ៏អស្ចារ្យ ដែលលោកគោរពផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះនោះទេ៕