(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានធ្វើការបើកភ្លើងខៀវដល់ គម្រោងលក់សព្វាវុធថ្មីមួយផ្សេងទៀត ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌនៃការផ្តល់សេវាគាំទ្រផ្នែកប្រព័ន្ធមីស៊ីល ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៥០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាស ដែលចេញផ្សាយដោយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការសន្តិសុខនៃវិស័យការពារជាតិ នៃក្រសួងការពារជាតិអាមេរិក សភាក៏ត្រូវបានជូនដំណឹងអំពីគម្រោងលក់ដូរសព្វាវុធនេះផងដែរ។ បើតាមប្រភពពីឯកសារដដែល អារ៉ាប៊ីសាអូឌីតបានស្នើទិញយកការចូលរួម ព្រមទាំងជំនួយផ្នែកបច្ចេកទេស ក៏ដូចជាការគាំទ្រ និងថែទាំនៃកម្មវីធីប្រព័ន្ធស៊ើបការណ៍ FPS, ប្រព័ន្ធមីស៊ីល PAC-3, និងប្រព័ន្ធសេវាវិស្វកម្ម ESP។
គួរជម្រាបថា បើតាមទីភ្នាក់ងារខាងលើ គម្រោងលក់សព្វាវុធនេះ នឹងជួយបង្កើនសមត្ថភាពការពារសន្តិសុខ របស់ទីក្រុងរីយ៉ាដបានយ៉ាងច្រើន។ ការបន្ទាន់ក្នុងការទាមទារទិញខាងលើនេះ បានកើតមានឡើងក្រោយពីអារ៉ាប៊ីសាអូឌីត បានទទួលរងការប៉ុនប៉ងវាយប្រហារទៅលើរាជវាំងជាច្រើនលើក ពីសំណាក់ក្រុមឧទ្ទាមនៃប្រទេសយ៉េមែន៕