(វ៉ាស៊ីនតោន)៖ យោធាអាមេរិកមានបំណងចង់ធ្វើទំនើបកម្ម ទៅលើអាវុធនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងអភិវឌ្ឍន៍នុយក្លេអ៊ែរប្រភេទថ្មី ដែលអ្នកជំនាញព្រួយបារម្ភថា អាចនាំទៅរកការរីកសាយ និងបង្កើនហានិភ័យកាន់តែខ្លាំង នៃសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ការស្នើឲ្យមានការផ្លាស់ប្តូរខាងលើ ចំពោះកម្មវិធីនុយក្លេអ៊ែរ នៃប្រទេសមហាអំណាចពិភពលោកមួយនេះ ដែលត្រូវបានរៀបរាប់នៅក្នុងសំណៅព្រាងមួយ នៃរបាយការណ៍ត្រួតពិនិត្យគោលជំហរកម្មវិធីនុយក្លេអ៊ែរ របស់ក្រសួងការពារជាតិអាមេរិកនោះ បានបង្ហាញពីការងាកចេញពីទស្សនៈវិស័យ សម្រាប់អនាគតនុយក្លេអ៊ែរអាមេរិក នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលក្នុងអំឡុងការថ្លែងសុន្ទរកថាដ៏ល្បីមួយ នៅក្នុងទីក្រុង Prague កាលពីឆ្នាំ២០០៩ បានអំពាវនាវឲ្យមានការលុបបំបាត់ទាំងស្រុង នៃអាវុធប្រល័យលោកនុយក្លេអ៊ែរ។
គួរជម្រាបថា ដោយលើកឡើងថា ស្ថានការណ៍សន្តិសុខនាពេលបច្ចុប្បន្ន មានសភាពស្មុគស្មាញជាងកាលពីប្រមាណ ១០ឆ្នាំមុននោះ ឯកសារព្រាងខាងលើ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវការគិតគូរឲ្យបានហ្មត់ចត់ អំពីគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ឲ្យត្រូវនឹងការវាយតម្លៃក្នុងលក្ខណៈពិតជាក់ស្តែង នៃការគម្រាមកំហែង ដែលខ្លួនកំពុងជួបប្រទះនាសព្វថ្ងៃនេះ ដោយរាប់ទាំងកូរ៉េខាងជើង រុស្ស៊ី និងចិន ជាដើម៕