(ឧបទ្វីបកូរ៉េ)៖ បន្ទាប់ការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបកក្រើកពិភពលោក ដោយមិនខ្វល់ពីការថ្កោលទោសពីសំណាក់អន្តរជាតិ និងការដាក់ទណ្ឌកម្មម្តងហើយម្តងទៀតពីសំណាក់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ប្រទេស កូរ៉េខាងជើងក្នុងឱកាសឆ្លងឆ្នាំថ្មី បែរជាបន្ទន់ឥរិយាបទ បើកចំហរចិត្តចង់ធ្វើកិច្ចចរចាជាមួយប្រទេស កូរ៉េខាងត្បូងទៅវិញ។
ស្របពេលដែលនេះជាឆន្ទៈរបស់ប្រធានាធិបតីកូរ៉េខាងត្បូងស្រាប់ ទីបំផុតកិច្ចប្រជុំក៏បានប្រព្រឹត្តទៅជាលើកដំបូង បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំ គឺនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងភូមិក្រុង Panmunjom នៃប្រទេសកូរ៉េខាងត្បូង ក្នុងតំបន់គ្មានយោធា (DMZ) ក្បែរបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
ការផ្លាស់ប្តូរឥរិយាបទក្នុងការដោះស្រាយទំនាស់ភ្លាមៗបែបនេះ បង្កឱ្យមានការចោទជាចម្ងល់ថាអ្វីកត្តាជំរុញចិត្តមេដឹកនាំរូបនេះ?
រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បន្តមានភាពល្អក់កករនឹងគ្នារហូតមកដល់បច្ចុប្បន្ន ចាប់តាំងពីសម័យសង្គ្រាមកូរ៉េ ឆ្នាំ១៩៥៣ ហើយមិនធ្លាប់គោរពតាមកិច្ចព្រមព្រៀង យុទ្ធសន្តិភាពឡើយ ធ្វើឱ្យជម្លោះរវាងប្រទេសទាំងពីរ ក្លាយជារឿងដ៏វែងឆ្ងាយប្រសិនបើត្រូវលើកយកមកសង្ខេបឡើងវិញ។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ប្រសិនបើមានកិច្ចពិភាក្សាមែននោះ បញ្ហាតែមួយគត់ដែលនឹងត្រូវលើកឡើងក្នុងរបៀបវារៈនោះ គឺការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងកីឡាអូឡាំពិក។ ក្រៅពីការបញ្ជូនកីឡាករនិងគណៈប្រតិភូ ចំនួន៥៥០នាក់ ទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅកូរ៉េខាងត្បូង។ លើសពីនោះទៅទៀត កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដើរក្បួនដង្ហែរួមគ្នាក្រោមទង់ជាតិកូរ៉េ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនេះ។
លោក Cheong Wa Dae មន្រ្តីប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន Yonhap News ថា «ខ្ញុំជឿជាក់ថានឹងមានការពិភាក្សាបន្ថែមទៀតទាក់ទង នឹងការលើកកម្ពស់ចំណងមិត្តភាព រវាងកូរ៉េទាំងពីរបន្ទាប់ពីការចូលរួមរបស់កូរ៉េខាងជើងក្នុងការប្រកួតកីឡាអូឡាំពិកត្រូវបានបញ្ចប់»។
វិភាគពីមូលហេតុនៃការផ្លាស់ប្តូរឥរិយាបទនេះ តាមអ្នកជំនាញរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមានថា អ្វីដែលជាគោលបំណងសំខាន់របស់លោក គីម គឺចង់បំបែកបំបាក់ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងសេអ៊ូលបន្តិចម្តងៗ។ ដូច្នេះការរក្សាតុល្យភាពក្នុងទំនាក់ទំនងរបស់លោក Moon ជាមួយមេដឹកនាំប្រទេសជិតខាងកូរ៉េខាងជើង និងបងធំអាមេរិកដែលជាសម្ព័ន្ធមិត្ត ជាគន្លឹះដ៏សំខាន់ដើម្បីឈានទៅរកកិច្ចពិភាក្សាប្រកបដោយភាពជោគជ័យ។
អស់រយៈពេលជាច្រើនខែមកហើយ ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមចង់ធ្វើកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង នៅក្រោយការប្រកួតកីឡាអូឡាំពិក ដែលត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីទាក់ទាញទីក្រុងព្យុងយ៉ាង ឱ្យត្រឡប់មករកតុចរចាវិញ និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចពិភាក្សារវាង សហរដ្ឋអាមេរិក និងរដ្ឋកុម្មុយនីសកូរ៉េខាងជើង ព្រមទាំងការលុបបំបាត់អាវុធនុយក្លេអ៊ែរក្នុងឧបទ្វីបនេះដោយសន្តិវិធី។
ម្យ៉ាងវិញទៀត កូរ៉េខាងជើង ទំនងជាចង់ទុកឱកាសដើម្បីដកដង្ហើមខ្លះ បន្ទាប់ពីត្រូវបានអន្តរជាតិព្រួតគ្នាដាក់សម្ពាធគាបសង្កត់ដង្ហើមសេដ្ឋកិច្ចជាបន្តបន្តាប់។ បើទោះជាមិនអាចបញ្ឈប់ការដាក់ទណ្ឌកម្មទាំងស្រុង យ៉ាងហោចណាស់ការបន្ទន់ឥរិយាបទរបស់រដ្ឋកូរ៉េខាងជើង ក៏ជាការជួយពន្យាពេលមួយរយៈ កុំឱ្យអន្តរជាតិដាក់ទណ្ឌកម្មបន្ថែមទៀតផងដែរ។
លើសពីនេះទៅទៀតនោះ ការបើកចំហររបស់កូរ៉េខាងជើង ច្បាស់ជាមិនធ្វើឡើងដោយគ្មានមូលហេតុនោះឡើយ។ យើងដឹងហើយថា កូរ៉េខាងជើងតែងតែមានក្តីរង្គាសចិត្តជាខ្លាំង រាល់ពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាក្រោមក្រសែភ្នែករបស់ខ្លួន។ ពិតជាទទួលផលពិតមែន សំណើថ្មីរបស់កូរ៉េខាងជើង បានអូសទាញកូរ៉េខាងត្បូង ផ្អាកការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក បើទោះបីជាគ្មានសង្ឃឹមថា អាចបញ្ឈប់បានទាំងស្រុងក្តី តែយ៉ាងហោចណាស់ធ្វើឱ្យប្រទេសទាំងពីរ ឃា្លតឆ្ងាយគ្នាមួយរយៈ។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យសហរដ្ឋអាមេរិក មានការអាក់អន់ចិត្តបន្តិចបន្តួចចំពោះកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីរដ្ឋាភិបាលក្រុង សេអ៊ូល សម្រេចចិត្តជំទាស់ខ្លួនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចកន្លងមក ហើយងាកទៅសម្របតាមបំណងកូរ៉េខាងជើងទៅវិញ។
មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ពន្យាការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលជាទូទៅតែងតែធ្វើឡើងនៅដើមខែមីនា ហើយកូរ៉េខាងជើងតែងតែធ្វើបាតុកម្មតវ៉ាចំពោះការធ្វើសមយុទ្ធនេះជាប្រចាំ ដោយចាត់ទុកថា វាជាសកម្មភាពឈ្លានពាន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានប្រាប់អ្នកសារព័ត៌មានថា ការពន្យារពេលសមយុទ្ធយោធា ប្រសើរជាងការប្រឈមមុខដាក់គ្នា ក្នុងអំឡុងនៃការប្រកួតកីឡាអូឡាំពិក ដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៩ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា។
លោក Mattis ក៏បាននិយាយផងដែរថា «យើងមិនដឹងថា វាជាចេតនាបញ្ចប់ជម្លោះ ឬយ៉ាងណានោះទេ ។ តែស្ថានភាពជាក់ស្តែង យើងត្រូវតែបើកទូលាយចំពោះ រាល់គ្រប់មធ្យោបាយដែលអនុវត្ត ដំណោះស្រាយតាមផ្លូវការទូត»។ ហេតុផលមួយទៀត លោក គីម អាចប្រើប្រាស់មធ្យោបាយនៃការបើកចំហនេះ ដើម្បីទាក់ទាញការផ្តល់ជំនួយឡើងវិញ ការបង្កើនរូបភាពល្អរបស់ខ្លួន តាមរយៈការចូលរួមនៅក្នុងកីឡាអូឡាំពិក។
ហើយគោលបំណងធំជាងនេះរបស់កូរ៉េខាងជើង គឺការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីស្ដារតួនាទី និងគោលជំហររបស់ខ្លួនបន្តិច បន្ទាប់ដាំក្បាលចុះអស់មួយរយៈធំ ព្រមទំាងចង់បញ្ជាក់អះអាងដល់សហគមន៍អន្តរជាតិជាថ្មីថា ខ្លួនជារដ្ឋសន្តិភាពមួយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនទាន់បានធ្វើការបង្ហាញការយល់ឃើញរបស់ខ្លួនទាក់ទងកិច្ចព្រមព្រៀងរបស់កូរ៉េខាងជើង ក្នុងការចូលរួមតុចរចានេះនៅឡើយទេ។ យ៉ាងនេះក្តី លោកបានបញ្ជាក់ថា នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះកូរ៉េខាងត្បូង ដោយរង់ចាំជួយជានិច្ចក្នុងករណីចាំបាច់៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា