(មីយ៉ាន់ម៉ា)៖ ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់ក្រុមបាតុករ០៧នាក់ ខណៈមនុស្ស១២នាក់ផ្សេងទៀតរងរបួស នៅក្នុងរដ្ឋ Rakhine បន្ទាប់ពីការជួបជុំគ្នាមួយដើម្បី រំលឹកដល់ការដួលរំលំនៃអតីតអាណាចក្រ Arakan ប្រែជាអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ថ្លែងប្រាប់ Reuters លោក Tin Maung Swe ជាលេខាធិការនៃរដ្ឋ Rakhine បានឱ្យដឹងថាក្រុមបាតុករបានប្រមូលផ្ដុំគ្នាកាលពីល្ងាចថ្ងៃអង្គា នៅក្នុង ទីក្រុង Mrauk U នៃភាគខាងជើងរដ្ឋ Rakhine ក្នុងគោលបំណងរំលឹកដល់ការដួលរលំនៃអតីតអាណាចក្រ Arakan កាលពីជាង២០០ឆ្នាំមុន។ «ដំបូងឡើយ ប៉ូលិស បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ។ ប៉ុន្តែក្រុមបាតុករ មិនព្រមចាកចេញឡើយ ជាហេតុបង្ខំឱ្យអាជ្ញាធរបាញ់គ្រាប់កំាភ្លើងពិត ហើយការប៉ះទង្គិចគ្នានេះទៀតសោតកើតឡើង នៅពេលក្រុមមនុស្សមួយចំនួន បានព្យាយាមដណ្ដើមកាំភ្លើងពីប៉ូលិស»។ នេះបើតាមលោក Tin Maung Swe។
គួរបញ្ជាក់ថា មនុស្សប្រមាណជា ៤,០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅអគាររដ្ឋាភិបាលមួយនៅក្នុងទីក្រុង Mrauk U បន្ទាប់ពីការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំខាងលើ រួចរាល់ ហើយបើតាមលោក Tin Maung Swe ក្រុមអ្នករៀបចំការប្រមូលផ្ដុំនេះមិនបានសុំការអនុញ្ញាតពីអាជ្ញាធរឡើយ៕