សហរដ្ឋអាមេរិក «នឹងផ្តាច់ជំនួយ ៦៥លានដុល្លារ ទៅកាន់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន» ដែលជាការដុតកំហឹងបន្ថែមទៀត!
17-01-2018 17:39
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ទីភ្នាក់ងារមួយ របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្ដល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការផ្ដល់ប្រាក់ជំនួយ ៦៥លានដុល្លារ ដើម្បីជំរុញឱ្យមានការកែទម្រង់ នៅក្នុងទីភ្នាក់ងារមួយនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស អាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានឱ្យដឹងថា សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានបញ្ជូនលិខិតមួយទៅកាន់ទីភ្នាក់ងារផ្ដល់ជំនួយយូអិន UNRWA សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដើម្បីជូនដំណឹងពីការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទន្ទឹមគ្នា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងការកាត់បន្ថយជំនួយនេះ ខណៈទីភ្នាក់ងារយូអិនត្រូវការជំនួយជាចំាបាច់ ក្នុងការបន្តកិច្ចការងាររបស់ពួកគេ ដើម្បីជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន ទាំងនៅក្នុងតំបន់គ្រប់គ្រងដោយអ៊ីសា្រអែល នៅប្រទេសហ្សកដានី ស៊ីរី និងលីបង់។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា គឺជាការសងសឹកនឹងអាជ្ញាធរប៉ាឡេស្ទីន ដែលហ៊ានយកការសម្រេចចិត្តទទួល ស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីសា្រអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅជជែកដេញដោលនៅក្រុមប្រឹក្សាសន្តិសុខយូអិន កាលពីឆ្នាំមុន។ ប៉ុន្តែបើទោះជាមានការផ្អាកការផ្ដល់ជំនួយនេះក្ដី សហរដ្ឋអាមេរិកនៅតែផ្ដល់ជំនួយស័្មគ្រចិត្ត ៦០លានដុល្លារ ក្នុងឆ្នាំ២០១៨នេះសំដៅធានាថា ទីភ្នាក់ងារ UNRWA នឹងមិនប្រឈមមុខនឹងការបិទទ្វារ៕