(ហាណូយ)៖ បុគ្គល ឬស្ថាប័នណាក៏ដោយ ដែលត្រូវបានគេរកឃើញថា បានធ្វើឱ្យខូចខាតដល់ដើមឈើនៅក្នុងប្រទេសវៀតណាម អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៣០លានដុង ឬស្មើនឹង ១៣,០០ដុល្លារអាមេរិក អនុឡោមតាមបទបញ្ជាថ្មីមួយ របស់រដ្ឋាភិបាលវៀតណាម ចេញផ្សាយកាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ការធ្វើឱ្យខូចខាតដល់ដើមឈើនៅតាមដងផ្លូវ ឬទីសាធារណៈ រួមមានទាំងការកាប់មែកឈើ ឬការដុំដែក គោលដើម្បីព្យួរផ្កា ឬអ្វីមួយនៅលើដើមឈើ ដោយគ្មានការអនុញ្ញាត អាចនឹងត្រូវបង់ប្រាក់ពិន័យពី ៥០០,០០០ដុង ដល់ ១លានដុង។ ចំណែកឯការពិន័យរដ្ឋបាលពី១០ ទៅ ១៥លានដុង នឹងត្រូវអនុវត្តលើអ្នកដែលបានចោល ឬគ្រវែងសារធាតុពុល ឬសំរាមទៅលើគល់ដើមឈើ ពោលគឺបំផ្លាញដល់ការលូតលាស់របស់ដើមឈើ។
គួរបញ្ជាក់ថា សម្រាប់ការពិន័យធ្ងន់ធ្ងរក្នុងចំនួនទឹកប្រាក់ពី ២០ ទៅ ៣០លានដុង គឺនឹងត្រូវអនុវត្តលើអ្នកដែលកាប់បំផ្លាញ ដក ឬដុតដើមឈើ គ្មានការអនុញ្ញាតពីអាជ្ញាធរ វៀតណាម៕