(ម៉ានីល)៖ ខណៈដែលភ្នំភ្លើងសកម្មជាងគេបំផុតរបស់ហ្វីលីពីន គឺភ្នំ Mayon នៅតែបន្តបញ្ចេញកម្អែលភ្លើងតិចៗ និងបាញ់ជះបណ្តុំផេះឡើងទៅកាន់ផ្ទៃអាកាស ដែលបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សរាប់ម៉ឺននាក់ នៅជុំវិញតំបន់គ្រោះថ្នាក់ ទៅកាន់ទីសុវត្ថិភាពនោះ អាជ្ញាធរហ្វីលីពីនបានឲ្យដឹងបន្ថែមទៀតថា ភ្លើងចំនួន០២ផ្សេងទៀត ក៏មានសកម្មភាពពុំសូវល្អប៉ុន្មានដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ភ្នំភ្លើង Mayon ដែលស្ថិតនៅចុងភាគខាងត្បូងនៃកោះ Luzon របស់ប្រទេសហ្វីលីពីន បានបន្តបង្ហាញសកម្មភាពបម្រុងនឹងផ្ទុះ តាំងតែចុងសប្តាហ៍មុនមកម្ល៉េះ ហើយប្រការហេតុនេះ បានបណ្តាលឲ្យអាជ្ញាធរបង្ខំចិត្តជម្លៀសខ្លួនមនុស្សជាង ១២០,០០០នាក់។ ក្រៅពីភ្នំភ្លើង Mayon វិទ្យាស្ថានសិក្សាពីគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង Phivolcs របស់ហ្វីលីពីន បានឲ្យដឹងនាថ្ងៃពុធនេះថា ភ្នំភ្លើងចំនួន ០២ផ្សេងទៀត ក៏កំពុងបង្ហាញសញ្ញាមិនសូវល្អ នៅក្នុងផ្នែកខាងក្នុងរបស់ពួកវាដងដែរ។
ភ្នំភ្លើងទាំងពីរខាងលើ រួមមានភ្នំ Kanlaon នៅខេត្ត Negros Oriental ភាគកណ្តាលហ្វីលីពីន និងភ្នំភ្លើង Bulusan ក្នុងខេត្ត Sorsogon ដែលស្ថិតលើកោះ Luzon ដូចភ្នំភ្លើង Mayon ដែរ គឺប្រមាណតែ ៧០គីឡូម៉ែត្រ ពីគ្នាប៉ុណ្ណោះ។
គួរជម្រាបថា ប្រទេសហ្វីលីពីន ដែលស្ថិតក្នុងទីតាំងភូមិសាស្រ្តអំណោយផល សម្រាប់បាតុភូតបន្ទុះភ្នំភ្លើងនោះ មានភ្នំភ្លើងសកម្មសរុបចំនួន ២៤ ហើយក្នុងចំណោមនោះភ្នំភ្លើង Mayon មានប្រវត្តិផ្តាច់ជីវិតមនុស្សសាហាវជាងគេបំផុត ដោយការផ្ទុះលើកចុងក្រោយបំផុតរបស់វា បានកើតមានកាលពីខែសីហា ឆ្នាំ២០១៤៕