(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនត្រូវការការងក់ក្បាលពីតៃវ៉ាន់ ដើម្បីអាចបើកគន្លងផ្លូវហោះហើរថ្មីៗនោះឡើយ ក្រោយពីដែនដីកោះ ដែលត្រូវចិនចាត់ទុកគ្រាន់ជាខេត្តមួយរបស់ខ្លួននេះ បានបង្ហាញពីការមិនពេញចិនថា ការបើកគន្លងផ្លូវហោះហើរថ្មីក្នុងខែនេះ នៅលើចក្រសមុទ្រ Taiwan Strait ដែលខណ្ឌចែកតំបន់ទាំងពីរនេះ បានបង្កហានិភ័យទាំងផ្នែកសន្តិសុខនិងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
សារព័ត៌មាននៅកោះតៃវ៉ាន់បានចេញផ្សាយថា ប្រទេសចិនបានចាប់ផ្តើមប្រកាន់គោលជំហរបង្កហេតុកាន់តែខ្លាំងឡើងដាក់កោះនេះ ចាប់តាំងតែពីការបោះឆ្នោតកាលពី ០២ឆ្នាំមុន របស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលគាំទ្រ និងចង់បានឯករាជ្យ។ នាខែមករាដើមឆ្នាំថ្មីនេះ លោកស្រី Tsai បានលើកឡើងថា ការបើកផ្លូវគន្លងហោះហើរខាងលើ ដែលមានទីតាំងជិតប្រជុំកោះពីរក្រុម នៅក្បែរឆ្នេរប្រទេសចិន ដែលគ្រប់គ្របដោយខាងតៃវ៉ាន់នោះ គឺជាទង្វើគ្មានការទទួលខុសត្រូវ ដែលបង្កការគម្រាមកំហែងជាខ្លាំងចំពោះសន្តិសុខ និងជះប៉ះពាល់ដល់សុវត្ថិភាពដែនអាកាស។
តៃវ៉ាន់បានសង្កត់ធ្ងន់ថា ការបើកផ្លូវហោះហើរលេខ M503 នៅលើច្រកសមុទ្រ Taiwan Strait ត្រូវបានធ្វើឡើងដោយពុំមានការជូនដំណឹងដល់ភាគីតៃវ៉ាន់ ដែលប្រការនេះបានបំពាន ផ្ទុយពីអ្វីដែលរដ្ឋាភិបាលប្រជាធិតេយ្យ នៃទីក្រុងតៃប៉ិ បានអះអាងថា គឺជាកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៥ ដែលតម្រូវឲ្យមានការពិភាក្សាជាមុនសិន អំពីគន្លងផ្លូវហោះហើរបែបនេះ។
គួរជម្រាបថា បើតាមលោក ម៉ា សៅក្វាង (Ma Xiaoguang) ដែលជាអ្នកនាំពាក្យការិយាល័យកិច្ចតៃវ៉ាន់នៃប្រទេសចិនវិញ ភាគីចិនពុំបានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ នោះឡើយ ហើយតៃវ៉ាន់ក៏ត្រូវបានផ្តល់ដំណឹងឲ្យជាមុនផងដែរ ថា ផ្លូវហោះហើរខាងលើ នឹងត្រូវបើកឡើង។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ច្បាស់ដូច្នេះថា «វាពុំមែនមានន័យថា ការបើកផ្លូវហោះហើរថ្មីៗ របស់ចិន ត្រូវការសិទ្ធិអនុញ្ញាតពីតៃវ៉ាន់ឡើយ»៕