(កាណាដា)៖ ក្រសួង​ការ​ពារ​ជាតិ​​កា​ណា​ដា លោក ហាជីត ស៊ីញ សាចចាន (Harjit Signh Sajjan) បានគូសបញ្ជាក់​ជាថ្មី​ម្តង​ទៀត ​អំពីការគាំទ្រ​យ៉ាងមុតមាំ​របស់​កាណាដា ក្នុងការពួតដៃគ្នា​ជាមួយបណ្តា​សម្ព័ន្ធមិត្ត និងដៃគូនានា ជាពិសេស​សហរដ្ឋអាមេរិក ស្តីពីដំណោះ​ស្រាយការទូត សម្រាប់ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ ចេញពី​ឧបទ្វីបកូរ៉េ ដែលធានា​បាននូវសន្តិសុខ និងវិបុលភាព​ពិភពលោក។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ រសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ក្រសួងការពារជាតិ​កាណាដា លោក Sajjan បានជួបជាមួយ​ប្រមុខយោធា​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដើម្បីពិភាក្សា​ទៅលើប្រធានបទ​ជាច្រើន ស្តីពីវិស័យ​ការពារជាតិ និងសន្តិសុខ​​នៃប្រទេស​ទាំងពីរ។ ក្នុងជំនួបនោះ លោក Sajjan និង លោក Mattis ក៏បានផ្លាស់​ប្តូរទស្សនៈ​ជុំវិញប្រតិបត្តិការ​គាំទ្រសន្តិភាព​​របស់ UN នាពេលអនាគត​ផងដែរ ហើយ​ទាំង​ពីរ ក៏បានជជែក​អំពីការបង្រ្កាប​ក្រុមភេរវករ​ជ្រុលនិយម ព្រមទាំងកិច្ច​សហប្រតិបត្តិការ​ នៃអ្នកជិត​ខាងទាំង​ពីរនេះ នៅក្នុងផ្នែក​​នៃ​ក្រុម​យោធា​​ចំរុះអន្តរជាតិ ប្រឆាំង​ក្រុម ISIS ទៀតផង។

គួរជម្រាបថា លោក Sajjan និង លោក Mattis បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំ​រវាងរដ្ឋមន្រ្តី​មកពីបរទេស ស្តីពីសន្តិសុខ និងស្ថិរ​ភាព​នៅឧបទ្វីបកូរ៉េ ដែលបាន​ប្រារព្ធឡើង​នៅឯមជ្ឈមណ្ឌល​សន្និសីទ នៃទីក្រុង Vancouver ប្រទេស​កាណាដា៕