(វ៉ាស៊ីនតោន)៖ មន្រ្តីយោធាជើងទឹកអាមេរិកជាច្រើនរូប ដែលមានឋានៈជាមេបញ្ជាការ នៅលើនាវាចម្បាំង USS McCain និង USS Fitzgerald ដែលបានជួបឧបទ្ទវហេតុជាបន្តបន្ទាប់កាលពីឆ្នាំមុន រហូតឈានដល់មានការបាត់បង់ជីវិត ក្រុមនាវិកសរុប ១៧នាក់នោះ នឹងត្រូវប្រឈមមុខចំពោះនីតិវិធីតុលាការយោធា ក្រោមបទចោទប្រកាន់ផ្សេងៗ រួមមានការធ្វេសប្រហែស ដែលនាំឲ្យមានមនុស្សបាត់បង់ជីវិត និងការបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ក្នុងឆ្នាំ២០១៧ នាវិក ០៧នាក់បានស្លាប់ នៅពេលដែលនាវាចម្បាំង USS Fizgerald បានបុកជាមួយនាវាដឹកកុងតឺន័រ ACX Crystal កាលពីថ្ងៃទី១៧ ខែមិថុនា និង ១០នាក់ ទៀតបានបាត់បង់ជីវិតកាលពីខែសីហា ឆ្នាំដដែល នៅពេលនាវាចម្បាំង USS McCain បានបុកជាមួយនាវាដឹកប្រេង Alnic MC។ បើតាមការស៊ើបអង្កេត ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ទាំងនេះអាចបញ្ចៀសបាន ហើយកំហុសធ្វេសប្រហែសជាច្រើន ដែលរួមចំណែកបង្កសោកនាដកម្មទាំងពីរនេះ ក៏ត្រូវបានគេរកឃើញផងដែរ។
គួរជម្រាបថា មន្រ្តីយោធាជើងទឹកយ៉ាងតិច ០៦រូប នៃអង្គភាពទី ៧ (7th Fleet) របស់សហរដ្ឋអាមេរិក ត្រូវបានដកចេញពីមុខតំណែង ក្រោយកើតមានឧបទ្ទវហេតុទាំងនេះ ហើយបើសរុបហេតុការណ៍គ្រោះថ្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយនាវាចម្បាំងរបស់អាមេរិកវិញនោះ ពេញមួយឆ្នាំ២០១៧ គឺមានដល់ទៅ ០៤ករណី នៅក្នុងតំបន់តែមួយ ប៉ុន្តែមានតែ ០២ករណីប៉ុណ្ណោះ ដែលបានបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត៕