(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិក នៃគណបក្សប្រជាធិបតេយ្យ លោកស្រី ទុលស៊ី ហ្គាប់បាដ (Tulsi Gabbard) បានកត់សម្គាល់ថា គោលនយោបាយផ្លាស់ប្ដូររបបហិង្សានៅលើ ពិភពលោករបស់សហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យកូរ៉េខាងជើង បង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួនកុំឱ្យជួបវាសនាដូចលីប៊ី និងអ៊ីរ៉ាក់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
លោកស្រី Gabbard បានថ្លែងបែបនេះ នៅចំពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានជួបចរចាគ្នាជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយពុំមានវត្តមាន សហរដ្ឋអាមេរិក ដែលបានអះអាងថា នឹងមិនចូលរួមកិច្ចចរចាណាមួយឡើយ បើទីក្រុងព្យុងយ៉ាង មិនព្រមបោះចោលអាវុធនុយក្លេអ៊ែរ។ ថ្លែងនៅលើ Twitter កាលពីថ្ងៃអង្គារ សមាជិកសភាមកពីរដ្ឋហាវ៉ៃរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយសង្រ្គាមផ្លាស់ប្ដូររបប គឺជាហេតុផលជំរុញឱ្យកូរ៉េខាងជើងយល់ថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបអាចប្រឈមមុខនឹងសហរដ្ឋអាមេរិក និងការពារខ្លួនឯងកុំឱ្យមានវាសនាដូចលីប៊ី ឬក៏អ៊ីរ៉ាក់»។
លោកស្រីបន្ថែមថា មេដឹកនាំអាមេរិករាប់ទសវត្សរ៍មកនេះ បានដាក់លក្ខខណ្ឌគ្មានភាពប្រាកដនិយម ដើម្បីចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែបើសិនជានៅតែដាក់លក្ខខណ្ឌជាមុន ជាឧទាហរណ៍ដូចជាការឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន នោះវានឹងមិនអាចមានកិច្ចចរចាឡើយ ហើយវិធីដែលល្អ គឺហៅកូរ៉េខាងជើងឱ្យមកអង្គុយចរចាដោយផ្ទាល់ពីរឿងសន្តិភាព។
គួរបញ្ជាក់ថា បើតាមលោកស្រី Tulsi Gabbard ការប្ដូររបបដឹកនាំនៅលីប៊ី និងអ៊ីរ៉ាក់ គឺជាកំហុសឆ្គងមួយ ហើយលោកស្រីក៏បានអំពាវនាវផងដែរ ឱ្យសេតវិមានបញ្ចប់គោលនយោបាយផ្លាស់ប្ដូររបបអ្នកដទៃ ដោយជំនួសមកវិញនូវគោលនយោបាយសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង៕