(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រព័ន្ធគ្រប់គ្រងជនភៀសខ្លួនរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ គឺកំពុងតែធ្វើឲ្យសន្តិសុខជាតិចុះទន់ខ្សោយ ហើយរដ្ឋបាលរបស់លោក កំពុងតែជម្រុញឲ្យតុលាការកំពូល «ដករនាំងការពារជនអន្តោវេសន៍ ដែលស្ថិតនៅក្នុងកម្មវិធី Dreamer» ចំនួន ៧០០,០០០នាក់ នោះចេញ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ប៉ុន្មានថ្ងៃក្រោយពីការតិះដៀល ទៅលើជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសមួយចំនួន ដែលនាំឲ្យមានការរិះគន់ទាំងក្នុងស្រុក និងក្រៅស្រុកនោះ លោក ដូណាល់ ត្រាំ បាននិងកំពុងបន្តធ្វើការកែប្រែ ឬអាចនឹងលុបចោលតែម្តង ចំពោះកម្មវិធីការពារជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក ដែលលោកតែងតែចាត់ទុកថា ជាការធ្វើឲ្យអាមេរិកប្រឈមមុខចំពោះការវាយប្រហារដោយភេរវកម្ម។
គួរបញ្ជាក់ថា ចេតនាដ៏មុតមាំរបស់មេដឹកនាំសហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងតាំងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះ ដោយក្នុងនោះរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ចេញនូវរបាយការណ៍មួយ ផ្តល់ដោយក្រសួងសន្តិសុខមាតុភូមិ។ នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ៣ ភាគ ៤ នៃអំពើពាក់ព័ន្ធភេរវកម្មចំនួន ៥៤៩ករណី ដែលតុលាការអាមេរិកបានធ្វើការស៊ើបអង្កេត ចាប់តាំងពីការផ្ទុះអំពើភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកនោះ គឺមានការចូលរួមដោយពលរដ្ឋអាមេរិក ដែលមានកំណើតពីបរទេស ហើយក្នុងនោះគឺ ១៤៨នាក់ ជាអ្នកដែលត្រូវបានផ្តល់សញ្ជាតិ ឲ្យរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់៕