(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការចោទប្រកាន់លើក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកថា បានឃុបឃិតជាមួយរុស្ស៊ី ដោយសារព័ត៌មានបោកប្រាស់មួយចំនួន គឺបានស្លាប់បាត់ទៅហើយ ខណៈអតីតនាយកយុទ្ធសាស្ត្ររបស់លោក គឺលោក Steve Bannon ត្រូវបានគេតម្រូវឱ្យផ្ដល់សក្ខីកម្មនៅ ចំពោះមុខសភា និងចៅក្រម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter ដែលជាបណ្ដាញទំនាក់ទំនងសង្គមសំណព្វចិត្តកាលពីថ្ងៃអង្គារ លោក ត្រាំ បានអះអាងថា ប្រព័ន្ធផ្សាយអាមេរិកកំពុងប្រើប្រាស់ទ្រិស្ដីឃុបឃិត ដើម្បីប្រឆាំងនឹងរូបលោក និងក្រុមយុទ្ធនាការរបស់លោក។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តើអ្នកកត់សម្គាល់ទេថា ប្រព័ន្ធផ្សព្វផ្សាយបោកប្រាស់ទាំងនោះ ចូលចិត្តនិយាយពីរឿងអវិជ្ជមាន ឬក៏អ្វីមួយដែលពួកគេអាចប្រែក្លាយទៅជារឿងអវិជ្ជមាន។ ការចោទប្រកាន់រឿងឃុបឃិតជាមួយរុស្ស៊ី បានស្លាប់បាត់ទៅហើយ លើកលែង តែក្រុមអ្នកប្រជាធិបតេយ្យប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីគណបក្សប្រជាធិបតេយ្យ គឺលោកមានបំណងសំដៅទៅលើការចោទប្រកាន់ថា អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រព្រឹត្តកំហុសឆ្គង តាមរយៈការអនុម័តលើកិច្ចព្រមព្រៀងអ៊ុយរ៉ាញ៉ូម ជាមួយក្រុមហ៊ុនមួយរបស់រុស្ស៊ី៕