(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បានកាន់កាប់ឯកសារសំងាត់ជាតិ ដោយខុសច្បាប់។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិក ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ក្រសួងយុត្តិធម៌អាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងថា លោក Jerry Chun Shing Lee មានសញ្ជាតិអាមេរិក ត្រូវបានចាប់ខ្លួននៅពេលរូបលោកធ្វើដំណើរមកដល់អាកាសយានដ្ឋាន JFK ក្នុងទីក្រុង New York កាលពីថ្ងៃចន្ទ។ លោក Jerry Chun បានបម្រើការងារជាទីភ្នាក់ងារ CIA នៅចន្លោះឆ្នាំ១៩៩៤ និង២០០៧ ជាពេលដែលលោក ចាកចេញទៅកាន់ទីក្រុងហុងកុង។
ក្រោយមកទៀត នៅពេលលោកត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ នៅឆ្នាំ២០១២ ប៉ូលិស FBI បានឆែកឆេរនៅក្នុងបន្ទប់សណ្ឋាគាររបស់លោកក្នុងរដ្ឋ Hawaii និង រដ្ឋ Virginia ដោយរកឃើញកូនសៀវភៅតូចៗ ចំនួនពីរជាមួយឯកសារសំងាត់មួយចំនួន មានទាំង កំណត់ហេតុសរសេរដោយដៃបញ្ជាក់ពីឈ្មោះពិត និងលេខទូរស័ព្ទនៃបុគ្គលិក CIA ជាច្រើននាក់។
គួរបញ្ជាក់ថា លោក Jerry Chun Shing Lee មានអាយុ ៥៣ឆ្នាំ និងមានឈ្មោះមួយទៀតថា Zhen Cheng Li ត្រូវបានចោទប្រកាន់ថា បានកាន់កាប់និងរក្សាឯកសារសំងាត់ដោយខុសច្បាប់ ដែលទោសនេះអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ បើសិនជាគេរកឃើញទោសកំហុសមែននោះ៕