(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្តែងពីក្តីសង្ឃឹមរៀងៗខ្លួន តាមរយៈការសន្ទនាតាមទូរស័ព្ទ នាម្សិលមិញនេះថា ការបន្តបើកកិច្ចសន្ទនាឡើងវិញរវាងបងប្អូនទាំងពីរ គឺកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ប្រហែលជាអាចនាំឲ្យមានការផ្លាស់ប្តូរនូវឥរិយាបថដែលបង្ក ការគម្រាមកំហែងជាខ្លាំងរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។
ការបញ្ជាក់ឲ្យដឹងលម្អិតខាងលើ ត្រូវបានធ្វើឡើង ដោយសេតវិមានអាមេរិក ក្រោយជំនួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ រវាងលោក ដូណាល់ ត្រាំ និង លោក ស៊ី ជិនពីង បានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមសេតវិមាន នាឱកាសនោះ លោកប្រធានាធិបតីអាមេរិក ក៏បានបង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំដើម្បីបន្តកិច្ចប្រឹងប្រែង ជាអន្តរជាតិ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធជាអតិបរមា ដើម្បីជំរុញឲ្យកូរ៉េខាងជើង សុខចិត្តលះបង់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនចោលផងដែរ។
កិច្ចសន្ទនាខាងលើនេះ រវាងប្រទេសមហាអំណាចទាំងពីរ ត្រូវបានធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានធ្វើការបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ជុំវិញការ ចូលរួមរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមប្រារព្ធឡើងនៅលើទឹកដីកូរ៉េខាងត្បូងនាខែក្រោយនេះ។ ដោយឡែក ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ លោក ដូណាល់ ត្រាំ បានប្រាប់លោក ស៊ី ជិនពីង ថា រូបលោកមានការខកចិត្តជាខ្លាំងអំពីឱនភាពពាណិជ្ជកម្ម ដែលកាន់តែដុនដាបទៅៗ របស់ទីក្រុងវ៉ាស៊ីនតោនជាមួយនិងទីក្រុងប៉េកាំង។
បើតាមការឲ្យដឹងពីសេតវិមានអាមេរិក នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើ លោក ដូណាល់ ត្រាំ បានសម្តែងការអាក់អន់ស្រពន់ចិត្តយ៉ាងក្រៃលែង ចំពោះការដែលគន្លាតនៃភាពលម្អៀងក្នុងការធ្វើពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន នៅតែបន្តរីកធំឡើង។ ជាមួយគ្នានោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងពុំអាចបន្តទៅយ៉ាងដូច្នោះរហូតឡើយ។
គួរជម្រាបថា បើតាមតួលេខដែលចេញផ្សាយកាលពីចុងសប្តាហ៍ ដោយភាគីចិន ឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយទីក្រុងប៉េកាំង បានកើនឡើង១០ភាគរយ នៅក្នុងឆ្នាំ២០១៧ ពោលគឺរហូតដល់២៧៥.៨ពាន់លានដុល្លារអាមេរិក៕