(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានប្រកាសថា កូរ៉េខាងជើងនឹងបញ្ជូនក្រុមសិល្បៈ ១៤០នាក់ ក្នុងនោះរួមមានទាំងក្រុមតន្ត្រី orchestra ផងដែរមកកាន់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុង Pyeong Chang នៅខែកុម្ភៈខាងមុខនេះ៕
២៖ រដ្ឋាភិបាលជប៉ុន បានចេញសេក្ដីថ្លែងការណ៍មួយដោយអះអាងថា នាវាមុជទឹកចិនមួយគ្រឿង ដែលគេបានប្រទះឃើញនៅឯតំបន់ដែនទឹក នៃទីប្រជុំកោះជម្លោះក្នុង សមុទ្រចិនខាងកើត គឺជាប្រភេទនាវាមុជទឹកចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ៕
៣៖ កាលពីខែកញ្ញា ឆ្នាំ២០០៩ គណៈកម្មាធិការទទួលបន្ទុក គោលដៅនាពេលអនាគត នៃកម្មវីធីអវកាសអាមេរិក បានចេញផ្សាយរបាយការណ៍មួយរបស់ខ្លួនដែលធ្វើ ការពិនិត្យពិច្ច័យទៅលើ ផែនការនាំមនុស្សទៅទីអវកាសរបស់អាមេរិក។ លទ្ធផលចម្បងនៃរបាយការណ៍នោះ គឺថាទីភ្នាក់ងារអវកាស NASA មានភាពមមាញឹកខ្លាំងពេក។ កាលពីឆ្នាំ២០០៩ អង្គការ NASA មានកម្មវីធីមួយឈ្មោះថា Constellation ដែលមានគោលដៅស្នូល ធ្វើយ៉ាងណានាំមនុស្សត្រឡប់ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ឲ្យបាននៅឆ្នាំ២០២០ ប៉ុន្តែការឧបត្ថម្ភ ដើម្បីអនុវត្តន៍កម្មវីធីនោះ គឺមានសភាពខ្វះខាតជាខ្លាំង៕
៤៖ការបង្កើតកម្លាំងសន្តិសុខព្រំដែន (BSF) នៅលើដែនដីស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃើដប្រហែលជា អាចឈានទៅរកការបំបែកខ្លួន នៃតំបន់មួយចំនួនចេញពីប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមសមាជិកមួយរូបនៃប្រតិភូក្រុមប្រឆាំងស៊ីរីប្រចាំកិច្ចចរចាទីក្រុង អាស្តាណា គឺ លោក ហ្វាតេហ៍ ហាសសួន (Fateh Hassoun)៕
៥៖ នាយករដ្ឋមន្រ្តីរ៉ូម៉ានី លោក មីហៃ ទូដូស (Mihai Tudose) បានប្រកាសលាលែងពីតំណែងកាលពីយប់មិញក្រោយពីថ្នាក់ដឹកនាំនៃបក្សកាន់អំណាចប្រជាធិបតេយ្យ សង្គមបានបោះឆ្នោតដកការគាំទ្រផ្នែកនយោបាយ ចេញពីរូបលោក៕
៦៖ កាណាដា និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំមួយស្ដីពីបញ្ហាឧបទ្វីបកូរ៉េ ក្រោមការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេស ២១។ ប៉ុន្តែទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ពោលគឺគ្រាន់តែនឹងត្រូវបានគេប្រាប់ ពីលទ្ធផលនៃកិច្ចប្រជុំតែប៉ុណ្ណោះ៕