(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានចេញសេក្ដីថ្លែងការណ៍មួយដោយអះអាងថា នាវាមុជទឹកចិនមួយគ្រឿង ដែលគេបានប្រទះឃើញនៅឯតំបន់ដែនទឹក នៃទីប្រជុំកោះជម្លោះក្នុង សមុទ្រចិនខាងកើត គឺជាប្រភេទនាវាមុជទឹកចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ធ្វើឡើងចំថ្ងៃតែមួយដែលទីក្រុងប៉េកាំង ប្រកាសថា នាវាចម្បាំងបីគ្រឿងនៃកងឆ្មាំសមុទ្ររបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធ ល្បាតនៅតំបន់ដែនទឹកនៃទីប្រជុំតៃយុ (Daiyou) ឬហៅជាភាសាជប៉ុនថា សិនកាគូ (Senkaku) ទីដែលប្រទេសជិតខាងទំាងពីរ កំពុងមានជម្លោះដែនទឹកគ្មានរាប់សិបឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera បាននិយាយថា ចិនមិនត្រឹមតែបញ្ជូននាវាល្បាតប៉ុណ្ណោះទេ តែមានថែមទាំងនាវាមុជទឹកមួយគ្រឿងត្រូវបានកំណត់ថា ជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Shang-Class ដែលមានសមត្ថភាព បំពាក់គ្រាប់មីស៊ីលរយៈចំងាយឆ្ងាយទៀតផង។ «នាវាមុជទឹកចិនបានឆ្លងកាត់តំបន់ដែនទឹករបស់យើង ហើយនេះគឺជាសកម្មភាពឯកតោភាគី បង្កភាពតានតឹងនៅក្នុងតំបន់»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិជប៉ុន។
គួរបញ្ជាក់ថា ចិនបានអះអាងថា ទីប្រជុំកោះតៃយុ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយនេះក៏មិនមែនជាលើកទីមួយដែលជប៉ុនចោទថា ចិនបញ្ជូននាវាចម្បាំងមកកាន់តំបន់ជម្លោះមួយនេះទេ។ ម្យ៉ាងវិញទៀត ទីក្រុងប៉េកាំងក៏មិនបានទទួលស្គាល់ដែរថា ខ្លួនពិតជាបានបញ្ជូននាវាមុជទឹកទៅកាន់តំបន់ជម្លោះ ឬយ៉ាងណា៕