(វ៉ាស៊ីនតោន)៖ កាលពីខែកញ្ញា ឆ្នាំ២០០៩ គណៈកម្មាធិការទទួលបន្ទុក គោលដៅនាពេលអនាគត នៃកម្មវីធីអវកាសអាមេរិក បានចេញផ្សាយរបាយការណ៍មួយរបស់ខ្លួន ដែលធ្វើការពិនិត្យពិច្ច័យទៅលើ ផែនការនាំមនុស្សទៅទីអវកាសរបស់អាមេរិក។ លទ្ធផលចម្បងនៃរបាយការណ៍នោះ គឺថាទីភ្នាក់ងារអវកាស NASA មានភាពមមាញឹកខ្លាំងពេក។ កាលពីឆ្នាំ២០០៩ អង្គការ NASA មានកម្មវីធីមួយឈ្មោះថា Constellation ដែលមានគោលដៅស្នូល ធ្វើយ៉ាងណានាំមនុស្សត្រឡប់ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ឲ្យបាននៅឆ្នាំ២០២០ ប៉ុន្តែការឧបត្ថម្ភ ដើម្បីអនុវត្តន៍កម្មវីធីនោះ គឺមានសភាពខ្វះខាតជាខ្លាំង។
អ្វីដែលពិតនាពេលនោះ ក៏កាន់តែពិតថែមទៀតនាពេលបច្ចុប្បន្ន។ ទីភ្នាក់ងារអវកាស NASA បាននិងកំពុតដុតដៃដុតជើង នៅក្នុងកម្មវីធីចំនួន ០៣ ដើម្បីបញ្ជូនមនុស្សធ្វើដំណើរហួសពីគន្លង Low-Orbit របស់ផែនដី ដោយក្នុងនោះរួមមាន ការអភិវឌ្ឍគ្រាប់រ៉ុក្កែត Space Launch System (SLS), យានអវកាស Orion, និងស្ថានីយក្បែរឋានព្រះច័ន្ទ Deep Space Gateway ដែលទើបលេចឡើងនាពេលថ្មីៗនេះ។ យ៉ាងណាមិញ កម្មវីធីទាំង០៣ នៅមានសភាពយឺតយ៉ាវ នៅតាមផ្នែកជាច្រើន ដោយសារតែកង្វះខាតនៃការឧបត្ថម្ភ។
ជាមួយគ្នានេះ កម្មវីធីទី ៣ ដែលកម្មវិធីខ្នាតធំមួយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅ របស់ NASA ថែមទៀត។ កាលពីខែធ្នូកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញគោលនយោបាយអវកាស ដែលមានគោលដៅនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ សម្រាប់កិច្ចការស្រាវជ្រាវរុករក ក៏ដូចជាប្រើប្រាស់រយៈពេលវែង។ ទោះបីជាពុំមានព័ត៌មានលម្អិតវែងឆ្ងាយក៏ដោយ គេរំពឹងថា វាអាចនឹងតម្រូវឲ្យមានការបោះមូលដ្ឋាន នៅលើឬក្រោមផ្ទៃរបស់ព្រះច័ន្ទ។
ដោយឡែក យោងទៅលើកម្រិតឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ នាពេលបច្ចុប្បន្នរបស់ NASA ហើយនិងកម្មវីធីដ៏ច្រើនទាំងនេះ ការសម្រេចទៅមុខគឺជៀសមិនផុតពីជំហ៊ានអណ្តើកនោះឡើយ ឬមួយក៏អាចយឺតជាងនេះទៅទៀត។ ប៉ុន្តែមានសំណួរថា តើហេតុអ្វីបានជាពុំមានការបង្កើនកញ្ចប់ថវិកាឲ្យ NASA ដើម្បីគាំទ្រដល់កម្មវីធីល្អៗទាំងអស់នេះទៅ? វាគឺជាក្តីស្រមៃដែលពិបាកនឹងសម្រេចឲ្យបានជាខ្លាំង ដោយសារតែបញ្ហាជាច្រើនចំណុច។ ដូច្នេះហើយក្តីសង្ឃឹមតែមួយគត់នោះគឺ អង្គការ NASA ត្រូវធ្វើការលះបង់ ដោយលុបចោលមហិច្ឆតាកម្មវីធីអវកាសខ្លះរបស់ខ្លួន ហើយផ្តោតតែទៅលើកម្មវីធីណា ដែលខ្លួនគិតថា គួរស័ក្តិសមនឹងទទួលបានអាទិភាពចម្បងជាងគេ។
គួរជម្រាបថា ក្នុងចំណោមកម្មវីធីទាំង០៤ មតិភាគច្រើនយល់ឃើញថា កិច្ចផ្តួចផ្តើមថ្មី របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការប្តេជ្ញាបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ គួរតែទទួលបានអាទិភាពកំពូល ព្រោះតែភាពងាយហ្នឹងសម្រេចបាន ព្រមទាំងការចំណាយតិចជាងការលោភលន់ទៅរកភពអង្គារ ដែលជាបេសកកម្មធំធេង៕