(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកទាំងឡាយណា ដែលចង់ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង គួរតែសរសេរលិខិតបណ្ដាំ រៀបចំពិធីបុណ្យសព ចាត់ចែងការរស់នៅរបស់គ្រួសារ និងសត្វចិញ្ចឹមរបស់ខ្លួនជាមុនសិន។ នេះគឺជាការព្រមានរបស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Telegraph នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
ការព្រមាននេះចេញផ្សាយកាលពីសប្ដាហ៍មុនមកម្ល៉េះ និងត្រូវបានចុះផ្សាយបន្តដោយ សារព័ត៌មាន Fox News ហើយវាមានជាប់ពាក់ព័ន្ធនឹងបញ្ជាថ្មី ក្នុងការរឹតត្បិតការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការស្លាប់របស់និស្សិតអាមេរិកម្នាក់ ឈ្មោះ Otto Warmbier កាលពីឆ្នាំ២០១៧កន្លងទៅ និងក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចូលកូរ៉េខាងជើងក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករ។
មិនតែប៉ុណ្ណោះ កូរ៉េខាងជើងក៏ត្រូវបានគេចាត់ទុកផងដែរថា ជាប្រទេសមានគ្រោះ ថ្នាក់ជាប់កំរិតទី ៤ ដែលមិនគួរឲ្យធ្វើដំណើរទៅកម្សាន្ត រួមជាមួយបណ្ដាប្រទេសដទៃទៀតមានដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន សាធារណៈរដ្ឋអាហ្រិ្វកកណ្ដាល លីប៊ី ម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី និងយ៉េមែន។
គួរបញ្ជាក់ថា បើតាមការព្រមានខាងលើ បើទោះជាស្ថានទូតស៊ុយអែត ប្រចាំប្រទេសកូរ៉េខាងជើង មានអំណាចការពារប្រជាជនអាមេរិកក៏ដោយ ក៏មន្ត្រីអាមេរិកមិនធានា នោះទេថា ពួកគេអាចជួយប្រជាជនអាមេរិក ដែលត្រូវការជំនួយចាំបាច់នោះ៕