(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា ការគម្រាមកំហែងដែលបង្កឡើងដោយសកម្មភាពបង្កហេតុផ្នែកយោធានាពេលកន្លងមករបស់កូរ៉េខាងជើង រួមនិងគោលនយោបាយរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន គឺជាបញ្ហាធំបំផុតគិតតាំងតែពីការចាប់ផ្តើម នៃយុគសម័យនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអង់គ្លេស The Guardian លោក Johnson បានលើកឡើងយ៉ាងដូច្នេះថា «លោក គីម ជុងអ៊ុន ផ្ទាល់, ពាក្យសម្តីដែលលោកបាននិយាយស្តី (ព្រមានកម្ទេចមិនត្រឹមអ្នកជិតខាងខ្លួន តែរួមទាំងសហរដ្ឋអាមេរិក), ព្រមទាំងការលេចឡើងនៃសមត្ថភាពរបស់លោក ក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាការគម្រាមកំហែងយ៉ាងខ្លាំងក្លាបំផុត ដែលពិភពលោក មិនដែលបានស្គាល់នោះឡើយ គិតតាំងពីការចាប់ផ្តើមនៃយុគសម័យអាតូមិក»។
គួរជម្រាបថា បើតាមមន្រ្តីជាន់ខ្ពស់អង់គ្លេសរូបនេះ លទ្ធភាពពិតជាអាចកើតមាន ដែលថារដ្ឋកុម្មុយនិស្តមួយនេះ នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជម្រិតប្រទេសដទៃទៀត ឬថែមទាំងអាចប្រើប្រាស់អាវុធប្រល័យលោក ប្រឆាំងនឹងពួកគេទៀតផង។ ជាមួយគ្នានេះ លោក Johnson បញ្ជាក់ថា ប្រទេសចិនដែលជាខ្នងបង្អែករបស់ទីក្រុងព្យុងយ៉ាង ពិតជាមានលទ្ធភាពខ្ពស់ ក្នុងការចូលរួមចំណែកស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅជុំវិញឧបទ្វីបកូរ៉េ យ៉ាងពិតប្រាកដ៕