(តូក្យូ)៖ ជប៉ុនកំពុងពិនិត្យមើលថា តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីជម្លៀសប្រជាជនរបស់ខ្លួនជាង ៦០,០០០នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងករណីមានវិបត្តិចំពេលអាកាសយានដា្ឋនត្រូវបិទទ្វារ ហើយនាវាចម្បាំងអាចនឹងត្រូវបានជ្រើសរើស ជាមធ្យោបាយជម្លៀស។ នេះបើតាមសារព័ត៌មានជប៉ុនដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
សារព័ត៌មានជប៉ុន យ៉ូមីអួរិ (Yomiuri) ផ្អែកលើប្រភពពីក្រុមន្ត្រីជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងសិក្សាលើវិធានការ ជម្លៀសប្រជាជនជប៉ុនចេញពីកូរ៉េខាងត្បូង តាមរយៈ ទីក្រុងកំពង់ផែប៊ូសាន (Busan) នៅក្នុងករណីមានវិបត្តិ ហើយអាកាសយានដ្ឋានត្រូវបិទទ្វារ។ ចំណែកឯការប្រើនាវាចម្បាំង សម្រាប់ជម្លៀសមនុស្សអាចនឹងក្លាយជាជម្រើសដ៏ល្អ បើសិនជាមានករណីនេះកើតឡើងមែន។
ដោយឡែក ជុំវិញសេចក្ដីរាយការណ៍នេះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនតែងតែគិតគូរជានិច្ច ពីសេណារីយ៉ូជាច្រើន និងការបង្កើតផែនការការពារសុវត្ថិភាព ជូនប្រជាជនជប៉ុន ប៉ុន្តែ លោកមិនបានអត្ថាធិប្បាយលម្អិតពីចុះផ្សាយរបស់សារព័ត៌មាន Yomiuri នោះទេ។
«វាគឺជាកាតព្វកិច្ចពីធម្មជាតិក្នុងនាមជាប្រជាជាតិមួយដែលត្រូវ ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារ និងជម្លៀសប្រជាជនរបស់ខ្លួន នៅពេលពួកគេប្រឈមមុខនឹងគ្រោះថ្នាក់នៅឯក្រៅប្រទេស»។ នេះបើតាម លោក Yoshihide Suga។
គួរបញ្ជាក់ថា ការលើកឡើងរបស់សារព័ត៌មានជប៉ុន Yomiuri កើតមាននៅចំពេលស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានធូរស្រាលគួរឱ្យកត់សម្គាល់ បន្ទាប់ពីកូរ៉េខាងជើងបាន ទទួលយកសំណើរៀបចំកិច្ចសន្ទនាពីកូរ៉េខាងត្បូង។ ប៉ុន្តែទន្ទឹមគ្នា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន ក៏បានរាយការណ៍ដែរថា កូរ៉េខាងជើងទំនងជាអាចនឹងធ្វើតេស្ដមីស៊ីលសាជាថ្មី ខណៈកងនាវាចម្បាំងអាមេរិក ត្រូវបានគេរាយការណ៍ថា អាចនឹងធ្វើដំណើរទៅដល់ដែនទឹកក្បែរតំបន់ឧបទ្វីបកូរ៉េ នៅមុន ឬអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវងារក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូងនៅកុម្ភៈក្រោយនេះ៕