(វ៉ាស៊ីនតោន)៖ អវកាសយានិកអាមេរិកដ៏ល្បីឈ្មោះមួយរូប គឺលោក Jack Lousma ជាបុរសម្នាក់ក្នុងចំណោមបុរស ០៦នាក់ ដែលបានធ្វើដំណើរជុំវិញផែនដី នៅលើស្ថានីយអវកាសដំបូងបំផុត និងតែមួយគត់របស់សហរដ្ឋអាមេរិក Skylab ព្រមទាំងបានចូលរួមក្នុងបេសកកម្ម Space Shuttle ទៀតផងនោះ បាននិយាយថា ជាទូទៅរូបលោកមិនចំណាយពេលឥតប្រយោជន៍ ដើម្បីមើលរឿងអវកាសហូលីវូដឡើយ ដោយសារភាគច្រើន ពួកវាគ្មានភាពពិតជាក់ស្តែង លើកលែងតែខ្សែភាពយន្តមួយគត់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយទស្សនាវដ្តី Forbes នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
លោក Lousma បានលើកឡើងថា ភាពយន្តទាំងនោះអាចនិយាយថា បានផ្តល់ការកម្សាន្តដល់ពួកយើង ប៉ុន្តែពួកវាពុំមែនជាអ្វីដែលយើងហៅថា ជាវិទ្យាសាស្រ្ត និងវិស្វកម្មពិតៗឡើយ។ នៅពេលត្រូវបានចោទសួរពាក់ព័ន្ធអំពីភាពពិតជាក់ស្តែង នៃខ្សែភាពយន្តអវកាសដ៏ល្បីៗរបស់ហូលីវូដ ដូចជា «Gravity» ដែលសម្តែងដោយតារាឆ្នើម ពោពេញដោយទេពកោសល្យ រួមមានលោកស្រី Sandra Bullock និង លោក George Clooney, ឬ រឿង «The Martian» របស់លោក Matt Damon ដែលទាំងពីររឿងនេះសុទ្ធតែទទួលបានពានរង្វាន់ និងជោគជ័យទាំងផ្នែកហិរញ្ញវត្ថុនោះ អតីតអវកាសយានិកជើងចាស់រូបនេះ បានឆ្លើយតបថា «អ្វីៗជាច្រើន ដែលពួកគេធ្វើនៅក្នុងភាពយន្ត គឺពុំអាចប្រព្រឹត្តទៅរួច នៅក្នុងស្ថានភាពជាក់ស្តែងឡើយ ប៉ុន្តែខ្ញុំយល់ថា រឿងទាំងនោះអាចឲ្យយើងកម្សាន្តអារម្មណ៍បានយ៉ាងរីករាយ»។
យ៉ាងណាមិញក្នុងចំណោមនោះ មានខ្សែភាពយន្តអវកាសមួយ ដែលលោក Lousma ចាត់ទុកថា អាចជឿជាក់បាន។ ខ្សែភាពយន្តនោះមានចំណងជើងថា «Apollo 13» ដែលត្រូវបានដាក់បញ្ចាំងក្នុងរោងភាពយន្ត កាលពីឆ្នាំ១៩៩៥ និងសម្តែងដោយលោក Tom Hanks, លោក Bill Paxton, លោក Gary Sinise, និង លោក Ed Harris។
គួរជម្រាបថា បើតាមលោក Lousma «Apollo13» គឺជារឿងមួយដែលសម្បូរទៅដោយស្ថានភាពពិតៗ ជាក់ស្តែងក្នុងទីអវកាស។ វាគឺជាដំណើររឿងនៃហេតុការណ៍ផ្ទុះ នៅតាមផ្លូវឆ្ពោះទៅកាន់ព្រះច័ន្ទ កាលពីសម័យដើមដំបូង នៃបេសកកម្មរុករកឋានព្រះច័ន្ទ។ អ្វីៗទាំងអស់ ដែលបានកើតឡើង នៅក្នុងខ្សែភាពយន្តនោះ ពិតជាបានកើតមានឡើង នៅក្នុងលំហអាកាសជាក់ស្តែង។ វាគឺជារឿងអវកាសហូលីវូដស្ទើរតែដូចការពិតជាងគេបង្អស់ ដែលត្រូវបានផលិតឡើង។
សម្រាប់ខ្សែភាពយន្តអវកាស ដែលភាគច្រើនត្រូវបានចាត់ទុកថា មានភាពប្រាកដនិយមដែលអាចទៅរួចនោះ គឺភាគច្រើនត្រូវបានថត និងដឹកនាំសម្តែងដោយក្រុមហ៊ុនល្បីៗ ព្រមទាំងចំណាយរាប់សិបលានដុល្លារ។ ប៉ុន្តែដើម្បីទាក់ទាញអារម្មណ៍អ្នកទស្សនា ខ្សែវីដេអូនានាត្រូវធ្វើឲ្យលើស និងអស្ចារ្យជាងភាពជាក់ស្តែងខ្លាំងបន្តិច។ ទោះបីជាបែបនេះក្តី វានៅតែត្រូវអនុឡោមទៅតាម ទ្រិស្តីពិត ព័ត៌មានពិត និងមានទស្សនវិស័យទៅថ្ងៃអនាគត ដែលអាចកើតមានឡើង យ៉ាងពិតប្រាកដផងដែរ៕