(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការពិភាក្សាតាមទូរស័ព្ទ ជាលើកដំបូងនៅដើមឆ្នាំថ្មីនេះ ពាក់ព័ន្ធនឹងបញ្ហាវិវឌ្ឍន៍ថ្មីៗនៅឧបទ្វីបកូរ៉េ ហើយបន្ថែមពីនេះប្រមុខដឹកនាំកំពូលទាំងពីរលើលោកនេះ ក៏បានដោះដូរយោបល់ ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
នៅក្នុងកិច្ចពិភាក្សានោះ ប្រធានាធិបតីអាមេរិកបានបង្ហាញឆន្ទៈខ្ពស់ នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតចិន ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ ជាពិសេសទៅលើការដោះស្រាយនានាជាមួយគ្នា ជុំវិញបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីទទួលបាននូវការអភិវឌ្ឍបន្ថែមទៀត ព្រមទាំងនៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងទ្វេភាគី។
គួរបញ្ជាក់ថា លោក ស៊ី និងលោក ត្រាំ បានពិភាក្សាគ្នាច្រើនអំពីបញ្ហានៅឧបទ្វីបកូរ៉េផងដែរ ប៉ុន្តែចំណុចសំខាន់ទាំងឡាយ ពុំទាន់ត្រូវបានបញ្ជាក់លម្អិតនោះឡើយ គ្រាន់តែភាគីទាំងពីរនៅព្រឹកថ្ងៃអង្គារនេះ បានប្តេជ្ញារួមគ្នាបង្កើនការធ្វើទំនាក់ទំនង និងសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហារួមគ្នា៕