(គែរ)៖ ការបង្កើតកម្លាំងសន្តិសុខព្រំដែន (BSF) នៅលើដែនដីស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃើដ ប្រហែលជាអាចឈានទៅរកការបំបែកខ្លួន នៃតំបន់មួយចំនួនចេញពីប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមសមាជិកមួយរូបនៃប្រតិភូក្រុមប្រឆាំងស៊ីរី ប្រចាំកិច្ចចរចាទីក្រុងអាស្តាណា គឺ លោក ហ្វាតេហ៍ ហាសសួន (Fateh Hassoun) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
លោក ហ្វាតេហ៍ ហាសសួន (Fateh Hassoun) បានលើកឡើងដូច្នេះថា «បច្ចុប្បន្នសហរដ្ឋអាមេរិក ប្រហែលជាមិនមានគោលបំណង បង្កើតផែនទីប្រទេសស៊ីរីថ្មីឡើយ ក៏ប៉ុន្តែការសម្រេចបង្កើត កងកម្លាំងការពារសន្តិសុខតាមព្រំដែននៅស៊ីរី របស់ទីក្រុងវ៉ាស៊ីនតោន អាចផ្តល់ឱកាសបែបនេះ ដល់ក្រុមដែលមានបំណងចង់បំបែករដ្ឋបាន។ ដូច្នេះហើយ ផែនទីថ្មីនៃប្រទេសស៊ីរី អាចនឹងក្លាយជាការពិតនាថ្ងៃអនាគតបាន»។
បើតាម លោក Hassoun ការបង្កើតកម្លាំង BSF អាចមានគោលដៅមួយចំនួនរួមមានទី ១៖ ទប់ស្កាត់ការដាក់ពង្រាយកងទ័ពតួកគី នៅតាមបណ្តាយព្រំដែនជាមួយស៊ីរី។ ទី២៖ បង្កើតតំបន់ដែលព្រំដែនមានសន្តិសុខរឹងមាំ ប៉ុន្តែអាចតម្រូវឲ្យមានការបែកខ្ញែកគ្នា។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏ប្រហែលចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ តាមការរយៈការកាត់បន្ថយឥទ្ធិពលរុស្ស៊ី និងបង្កហេតុដល់តួកគីផងដែរ។
គួរជម្រាបថា បើតាមសារព័ត៌មាន Defense Post ដែលស្រង់សម្តីពីអ្នកនាំពាក្យ នៃក្រុមចំរុះអន្តរជាតិដឹកនាំដោយអាមេរិក ដែលប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS នោះ បានរាយការណ៍ថា ក្រុមយោធាអន្តរជាតិនេះ បាននិងកំពុងផ្តល់ការបំពាក់បំប៉នដល់ កងកម្លាំងប្រមាណ ៣០,០០០នាក់ នៅក្នុងទឹកដីស៊ីរី ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ SDF ដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់តាមបណ្តោយព្រំដែនភាគខាងជើងរបស់ប្រទេសស៊ីរី៕