(ដាណឺម៉ាក)៖ យុវជនវ័យក្មេងៗក្នុងប្រទេសដាណឺម៉ាកច្រើនជាង ១,០០០នាក់ ត្រូវបានដាក់ពិន័យដោយប៉ូលិស ក្រោមបទចោទប្រកាន់ថា បានចែករំលែកវីដេអូអាសអាភាស ឬសិចនៅលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមសារព័ត៌មានដាណឺម៉ាក ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានដាណឺម៉ាក Ritzau វីដេអូ និងរូបភាពអាសអាភាស នៃក្មេងស្រីសិស្សសាលាបឋម និងក្មេងប្រុសជាច្រើននាក់ ត្រូវបានគេចែក រំលែកក្នុងចំណោមយុវជនវ័យក្មេងៗជាច្រើន តាមរយៈកម្មវិធី Messenger របស់ Facebook កាលពីឆ្នាំ២០១៥។ មួយវិញទៀត បើទោះបីជាយុវជនមួយចំនួន បានទទួលរងការដាក់ពិន័យ សម្រាប់ការចែករំលែកវីដេអូបែបនេះ កាលពីឆ្នាំ២០១៦ ក៏ដោយ ក៏ប៉ុន្តែគេមិនអាចបញ្ឈប់ការចែករំលែកវីដេអូនេះបន្តបានឡើយ ខណៈក្រុមហ៊ុន Facebook បានរកឃើញវីដេអូស្រដៀងគ្នានេះ ជាច្រើនកាលពីឆ្នាំ២០១៧ ហើយវាត្រូវបានដាក់ជូនប៉ូលិសអឺរ៉ុប Europol ដោយអាជ្ញាធរអាមេរិក។
គួរបញ្ជាក់ថា បើតាមច្បាប់ដាណឺម៉ាក គឺហាមឃាត់ជាដាច់ខាត ចំពោះការកាន់កាប់ និងចែករំលែករូបភាព ឬក៏វីដេអូអាសអាភាស ធ្វើឡើងអ្នកមានអាយុក្រោម ១៨ឆ្នាំ។ ដូច្នេះបើសិនមានអ្នកណាល្មើសច្បាប់នេះ នោះអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ២០ថ្ងៃ ព្រមទាំងត្រូវចុះក្នុងបញ្ជីបទល្មើសយ៉ាងតិចពីរឆ្នាំ។ ជាងនេះទៅទៀត ពួកគេក៏អាចត្រូវចុះក្នុងបញ្ជី រំលោភបំពានលើកុមាររយៈពេល ១០ឆ្នាំផងដែរ ដែលនឹងហាមឃាត់មិនឱ្យធ្វើការងារពាក់ព័ន្ធនឹងកុមារ៕