​(កាណាដា)៖ កាណាដា និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំមួយ​ស្ដីពីបញ្ហាឧបទ្វីបកូរ៉េ ក្រោមការចូលរួមពី​រដ្ឋមន្ត្រីការបរទេស​មកពីប្រទេស ២១។ ប៉ុន្តែទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង មិនត្រូវបានអញ្ជើញ​ឱ្យចូលរួម​នោះទេ ពោលគឺគ្រាន់​តែនឹងត្រូវបាន​គេប្រាប់​ ពីលទ្ធផលនៃកិច្ច​ប្រជុំតែ​ប៉ុណ្ណោះ។ នេះបើតាម​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ដកស្រង់​ដោយ​សារព័ត៌មាន Russian Today នៅព្រឹក​ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

លោក ស៊ឺហ្គៃ ឡាវរ៉ូវ ថ្លែងបែបនេះ​នៅក្នុងសន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃចន្ទ។ ថ្លែងនាឱកាស​នោះដែរ ប្រមុខការទូតរុស្ស៊ីរូបនេះ​បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើង​និងចិន មិនត្រូវបាន​គេអញ្ជើញ​ឡើយ ប៉ុន្តែយើង​ត្រូវបានគេជូន​ដំណឹងតែ​ប៉ុណ្ណោះ... សម្រាប់​យើងនេះ គឺជារឿងមិនអាច​ទទួល​យកបាន ហើយមិនតែ​ប៉ុណ្ណោះ​ ខ្ញុំក៏មិនរំពឹង​ដែរថា នឹង មានលទ្ធផល​ល្អព្រោះលទ្ធផល​នៃការជួបជុំនេះ នឹងកា្លយការជាធ្វេសប្រហែស​មួយ​ ក្នុងការដោះស្រាយ​បញ្ហាជាមួយ​កូរ៉េខាងជើង»

គួរបញ្ជាក់ថា កិច្ចប្រជុំរៀប​ចំឡើងដោយ​សហរដ្ឋអាមេរិក និងកាណាដា ត្រូវបានធ្វើឡើង​នៅទីក្រុង Vancouver ប្រទេសកាណាដា​ពីថ្ងៃទី១៥ រហូត​ដល់ថ្ងៃទី១៧ ខែមករា ក្នុងគោលបំណង​ពិភាក្សាគ្នា ពាក់ព័ន្ធ​នឹងការលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ក្រៅពី​សហរដ្ឋអាមេរិក និងកាណាដា ប្រទេសចំនួន ១៨ ផ្សេងទៀត គឺជាអ្នកដែល​ធ្លាប់បានចូលរួមជាមួយ​ទីក្រុងវ៉ាស៊ីនតោន​ ក្នុងអំឡុងសម័យ​សង្រ្គាមកូរ៉េមាន​ដូចជា ដាណឺម៉ាក ក្រិក ន័រវែស និងនូវែលសេឡង់ជាដើម៕