(វ៉ាស៊ីនតោន)៖ ខណៈនៅចំពោះមុខអន្តរជាតិសហរដ្ឋអាមេរិក បានអះអាងម្តងហើយម្តងទៀតពី ការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួន ក្នុងការជ្រើសរើសមធ្យោបាយការទូត ដើម្បីបញ្ឈប់ការគម្រាមកំហែង និងការប្រឈមមុខគ្នា ដោយប្រើអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងនោះ មន្ទីរបញ្ចកោណស្ងាត់ៗ បាននិងកំពុងត្រៀមរៀបចំខ្លួន សម្រាប់ទប់ទល់ស្ថានការណ៍ ដែលនឹកស្មានមិនដល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
ខណៈប្រមុខការពារជាតិអាមេរិក លោក James Mattis និងប្រមុខការទូត លោក Rex Tillerson បានលើកឡើងជាដដែលៗថា សហរដ្ឋអាមេរិក គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើង នៅគ្រប់ពេលវេលាក្នុងគោលបំណង បញ្ចប់ការគម្រាមហែងនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើងនោះ ការបង្កើនធ្វើសមយុទ្ធ និងលំហាត់ដឹកជញ្ជូនផ្នែកយោធានានា ដែលត្រាប់តាមករណីសង្រ្គាមលើដីគោកពិតៗនោះ កំពុងកើតមានឡើងនៅលើទឹកដីរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា បើតាមសារព័ត៌មាន New York Times ការហ្វឹកហ្វឺនផ្នែកយោធានាពេលថ្មីៗ របស់ក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) កំពុងតែមានការកើនឡើងទាំងផ្នែកទ្រង់ទ្រាយ ហើយថែមទាំងញឹកញាប់ជាងមុនទៀត ដែលប្រការនេះបង្ហាញអំពីការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនដោយស្ងាត់ៗ ដែលពុំធ្លាប់កើតមាននោះឡើង តាំងតែពីសម័យសង្រ្គាមអាមេរិកនៅអ៊ីរ៉ាក់៕