(រ៉ូម៉ានី)៖ នាយករដ្ឋមន្រ្តីរ៉ូម៉ានី លោក មីហៃ ទូដូស (Mihai Tudose) បានប្រកាសលាលែងពីតំណែងកាលពីយប់មិញ ក្រោយពីថ្នាក់ដឹកនាំនៃបក្សកាន់អំណាចប្រជាធិបតេយ្យសង្គម បានបោះឆ្នោតដកការគាំទ្រផ្នែកនយោបាយ ចេញពីរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
លោក Tudose បានថ្លែងឲ្យដឹងទៀតថា «គណបក្ស SDP បានសម្រេចថា រដ្ឋាភិបាលថ្មីមួយទៀត ដែលមានវីធីសាស្រ្តដឹកនាំផ្សេង គឺត្រូវការចាំបាច់ជាខ្លាំង។ វានៅតែមានចន្លោះទំនេរសម្រាប់ការធ្វើឲ្យប្រសើរឡើង ហើយខ្ញុំមិនចង់ធ្វើឲ្យបក្សបែកបាក់ឡើយ។ ជាមួយគ្នានេះ លោក Tudose បានបញ្ជាក់ថា កាលវិភាគរបស់លោកនាថ្ងៃអង្គារនេះ នឹងត្រូវធ្លាក់ជាបន្ទុករបស់ឧបនាយករដ្ឋមន្រ្តី លោក ផូល ស្ទេណេស្គូ (Paul Stanescu)។
គួរជម្រាបថា បញ្ហាវិវាទរវាងលោកនាយករដ្ឋមន្រ្តីរ៉ូម៉ានីរូបនេះ ហើយនិងមេបក្សកាន់អំណាច លោក លីវីវ ដ្រាកនៀ (Liviu Dragnea) ត្រូវបានគេសង្កេតឃើញយ៉ាងជាក់ច្បាស់នាពេលថ្មីៗនេះ ហើយការស្នើរបស់លោក Tudose ដែលចង់ឲ្យរដ្ឋមន្រ្តីមហាផ្ទៃចុះចេញពីតួនាទីនោះ ក៏បានបង្កឲ្យមានការប្រឈមមុខគ្នាចំៗ រវាងថ្នាក់ដឹកនាំកំពូលទាំងពីរតែម្តង៕