(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានប្រកាសថា កូរ៉េខាងជើងនឹងបញ្ជូនក្រុមសិល្បៈ ១៤០នាក់ ក្នុងនោះរួមមានទាំងក្រុមតន្ត្រី orchestra ផងដែរ មកកាន់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង Pyeong Chang នៅខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
KCNA នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយចេញផ្សាយនៅម៉ោង ៤៖៣៦នាទី ព្រឹកមិញនេះ បានបញ្ជាក់ទៀតថា នៅអំឡុងកិច្ចប្រជុំកូរ៉េទាំងពីរបានពិភាក្សាគ្នា ប្រកប ដោយភាពស្មោះត្រង់ លើគំរោងបញ្ជូនក្រុមសិល្បៈកូរ៉េខាងជើង ឱ្យទៅចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ព្រមទាំងអាចឈានដល់ការអនុម័ត លើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍នេះដដែល កូរ៉េខាងជើងនឹងបញ្ជូនក្រុមសិល្បៈ ក្នុងនោះមានទាំងអ្នកចម្រៀង ក្រុមរាំ និងតន្ត្រីករ orchestra ឱ្យមកចូលរួមការ ប្រគុំតន្ត្រីក្នុងទីក្រុងសេអ៊ូល និងទីក្រុង Gangneung ស្ថិតនៅចំងាយ ២៤០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងសេអ៊ូល៕