(ប៉េកាំង)៖ អាជ្ញាធរចិននាពេលថ្មីនេះ បានរឹបអូសលុយសុទ្ធជាង៧.២លានផោន ឬស្មើនឹងជិត១០លានដុល្លារ នៅក្នុងប្រតិបត្តិការវាយឆ្មក់លើផ្ទះមួយល្វែង បន្ទាប់ពីមាន ការស៊ើបអង្កេតលើករណីក្លែងបន្លំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមក្លីបវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមចិន លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានលាក់ក្នុងជញ្ជាំងផ្ទះចំនួនពីរស្ថិតនៅក្នុងខេត្ត Jilin ហើយ លុយជិត១០លានដុល្លារនេះទៀតសោត ត្រូវបានរឹបអូសកាលពីថ្ងៃទី១០ ខែមករា និងថ្ងៃទី១២ ខែមករា កន្លងទៅនេះ។ ដោយឡែកអាជ្ញាធរចិនក៏បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិវាយឆ្មក់នោះ មានមនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកតំណាងស្របច្បាប់ម្នាក់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន ការស៊ើបអង្កេតត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ដោយពួកគេបានតាមដានបុរសម្នាក់មានឈ្មោះហៅក្រៅថា Wei ដែលជាអ្នក តំណាងស្របច្បាប់ឱ្យក្រុមហ៊ុនជីគីមីមួយឈ្មោះ Shuang Fei។ Shuang Fei ត្រូវគេរាយការណ៍ថាបានដើរទិញបំណុលរបស់អ្នកភូមិ និងក្រុមហ៊ុនតូចៗក្នុងតម្លៃទាប ប៉ុន្តែក្រុមហ៊ុននេះមិនបានបង់ប្រាក់បំណុលត្រឡប់ទៅវិញនោះទេ៕