(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សច្រើនជាង ១២,០០០នាក់ ដែលនៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើង Mayon នៃប្រទេសហ្វីលីពីន ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញជាបន្ទាន់ដោយសារតែ ភ្នំភ្លើងនេះបានឲ្យសញ្ញាមិនស្រួល ដោយបន្តជះកម្អែលផះទៅលើផ្ទៃអាកាសរៀបនឹងផ្ទុះ ចាប់តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ៕
២៖ មនុស្សយ៉ាងតិច ៧២នាក់ បានទទួលរងរបួសធ្ងន់-ស្រាល នៅពេលដែលពិតានមួយជាន់ នៅក្នុងអគារទីផ្សារមូលប័ត្រឥណ្ឌូណេស៊ី ដែលស្ថិតក្នុងរដ្ឋធានីហ្សាការតា បានបាក់ស្រុតយ៉ាងស្តែងៗតែម្តង៕
៣៖ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីរលើកដាច់ពីគ្នាកាលពី ថ្ងៃអាទិត្យ៕
៤៖ អាជ្ញាធរអ៊ីរ៉ាក់ នៅថ្ងៃចន្ទនេះបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៧នាក់ បានស្លាប់ និង ៦៥នាក់រងរបួសធ្ងន់-ស្រាលនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាតពីរលើកផ្ទួនៗគ្នានៅក្នុងរដ្ឋធានីបាកដាដ៕
៥៖ ខណៈជាច្រើនឆ្នាំកន្លងទៅនេះ គេកម្រឃើញមានបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ទីអវកាសនោះ ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ត្រូវគេរំពឹងថា នឹងសាកល្បងចេញបេសសកកម្មបញ្ជូនមនុស្សរបស់ខ្លួន ទៅកាន់ទីអវកាស នាអំឡុងចុងឆ្នាំ២០១៨នេះ៕
៦៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានស្នើឱ្យរៀបចំកិច្ចប្រជុំកំរិតការងារជាមួយកូរ៉េខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចូលរួមរបស់កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ៕