(ម៉ានីល)៖ មនុស្សច្រើនជាង ១២,០០០នាក់ ដែលនៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើង Mayon នៃប្រទេសហ្វីលីពីន ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញជាបន្ទាន់ ដោយសារតែភ្នំភ្លើងនេះ បានឲ្យសញ្ញាមិនស្រួល ដោយបន្តជះកម្អែលផះទៅលើផ្ទៃអាកាសរៀបនឹងផ្ទុះ ចាប់តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
លោកស្រី រ៉ូមីណា ម៉ារ៉ាស៊ីហ្គាន់ (Romina Marasigan) អ្នកនាំពាក្យនៃក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយជាតិហ្វីលីពីន ហៅកាត់ថា NDRRMC បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលហ្វីលីពីន បានជម្លៀសប្រជាជនចំនួន ៣,០៦១គ្រួសារ ឬស្មើនឹង ១២,០៤៤នាក់ហើយ ដោយសារតែការគម្រាមកំហែងកាន់តែខ្លាំងក្លា នៃភ្នំភ្លើង Mayon ដែលទំនងជាអាចផ្ទុះឡើងគ្រប់ពេល។
គួរជម្រាបថា ភ្នំភ្លើង Mayon ស្ថិតនៅប៉ែងខាងត្បូងនៃកោះ Luzon របស់ហ្វីលីពីន។ ភ្នំភ្លើងនេះ គឺជាទីតាំងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងតំបន់ ប៉ុន្តែមានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតជាច្រើន ដោយគិតមកទល់ពេលនេះ Mayon បានផ្ទុះឡើងចំនួន ៥១ដង ក្នុងរយៈពេល ៤០០ឆ្នាំ ចុងក្រោយនេះ។ នៅក្នុងហេតុការណ៍ផ្ទុះកាលពីឆ្នាំ១៨១៤ វាបានផ្តាច់ជីវិតមនុស្សជាង ១,២០០នាក់ ហើយក្រុងចំនួន ០៣ ត្រូវបានលេបត្របាក់ដោយកម្អែលភ្នំភ្លើង៕