(ហ្សាការតា)៖ មនុស្សយ៉ាងតិច ៧២នាក់ បានទទួលរងរបួសធ្ងន់-ស្រាល នៅពេលដែលពិតានមួយជាន់ នៅក្នុងអគារទីផ្សារមូលប័ត្រឥណ្ឌូណេស៊ី ដែលស្ថិតក្នុងរដ្ឋធានីហ្សាការតា បានបាក់ស្រុតយ៉ាងស្តែងៗតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើ បានកើតឡើងនារសៀលថ្ងៃចន្ទនេះ នៅអំឡុងពេលមានការធ្វើទស្សនកិច្ច ពីសំណាក់និស្សិតសាកលវិទ្យាល័យ និងអំឡុងពេលសម្រាកថ្ងៃត្រង់ ដោយហេតុនេះហើយ ទើបបានធ្វើមនុស្សរងរបួសច្រើនបែបនេះ ក៏ប៉ុន្តែអាចជាសំណាងល្អដែរ ដែលប៉ូលិសបានអះអាងថា ពុំមានការរកឃើញមនុស្សបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ ក្នុងបរិវេណអគារ Tower 2 នៃទីផ្សារមូលប័ត្រនេះឡើយ។
គួរជម្រាបថា ខណៈពេលនេះ អាជ្ញាធរបានបិទផ្លូវជុំវិញអគារខាងលើ ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត ក្រោយពីពុំបានរកឃើញមានវត្តមានគ្រឿងផ្ទុះប្រភេទណាមួយនោះ។ ដោយឡែក សម្រាប់អ្នករងរបួសវិញ គឺជាភាគច្រើនសុទ្ធតែស្រ្តី និងរងគ្រោះធ្ងន់-ស្រាលខុសៗគ្នា ដោយសារហេតុការណ៍នេះ៕