(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានជម្រុញឱ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង មួយចំនួនបញ្ឈប់ការបំពុលបរិយាកាស ឬក៏ការបង្កការច្រឡំដល់កិច្ចសន្ទនារវាង កូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅភូមិ Panmunjom។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីរបស់ លោក Kim Cho Guk ជានាយកសហជីពសារព័ត៌មានកូរ៉េខាងជើងបាននិយាយថា សារព័ត៌មានអភិរក្សនិយមមួយចំនួន នៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងធ្វើសកម្មភាពបំភ័ន្តមតិសាធារណៈដើម្បីបង្កភាពល្អក់កករ ដល់កិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងវិញ នូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ។
លោក Cho Guk បានបន្ថែមទៀតថា សារព័ត៌មានអភិរក្សនិយមកូរ៉េខាងត្បូងបានរៀបរាប់ថា សំណើរបស់កូរ៉េខាងជើងចង់ជួបចរចាជាមួយកូរ៉េខាងត្បូង គឺគ្រាន់តែជាយុទ្ធសាស្ត្រមួយតែប៉ុណ្ណោះ ហើយលោកក៏បានស្នើផងដែរឱ្យទីក្រុងសេអ៊ូល មានការប្រុងប្រយ័ត្នចំពោះរាល់សកម្មភាព ដែលធ្វើឱ្យល្អក់កករដល់កិច្ចសន្ទនា។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរកូរ៉េខាងជើង បានស្នើឱ្យរៀបចំកិច្ចប្រជុំកំរិតការងារថ្នាក់អនុរដ្ឋមន្ត្រីជាមួយកូរ៉េខាងត្បូង នៅក្នុងថ្ងៃពុធសប្ដាហ៍នេះតែម្តង ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចូលរួមរបស់កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅឯកូរ៉េខាងត្បូង ដែលមានក្រុមប្រតិភូជាន់ខ្ពស់ ក្រុមអត្តពលិក និងក្រុមតន្ត្រីរបស់កូរ៉េខាងជើង គ្រោងចូលរួម៕