(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ពីរលើកដាច់ពីគ្នាកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសលើកទី ១ ដឹកនាំដោយកង កម្លាំងទ័ពអាកាសជាតិលើមូលដ្ឋានរបស់ក្រុមតាលីបង់ ក្នុងស្រុក Khaki Safed នៃភាគខាងលិចខេត្ត Farah បានផ្ដាច់យកអាយុជីវិត ក្រុមសកម្មយុទ្ធតាលីបង់ ២៨នាក់ និង ១០នាក់ផ្សេងទៀតរងរបួស។
ជាងនេះទៅទៀត នៅក្នុងចំណោមអ្នកស្លាប់ ក៏មានមេដឹកនាំជាន់ខ្ពស់តាលីបង់ឈ្មោះ Sardar Ashkon Bakwahi និងមេបញ្ជាការពីរ រូបទៀតគឺ Abdul Shokor និង Hawaz Gulistani ផងដែរ។ ចំណែកឯការវាយប្រហារលើកទី ២ កាលពីថ្ងៃអាទិត្យដូចគ្នា បានសម្លាប់ក្រុមសកម្មប្រយុទ្ធមួយនេះ ០៤នាក់ នៅក្នុងស្រុក Nahri Saraj នៃភាគខាងត្បូងខេត្ត Helmand។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធតាលីបង់ដែលបានដឹកនាំការវាយប្រហារនានា ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងកាប៊ុល អស់រយៈពេលជាង ១៦ឆ្នាំមកនេះ មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ ជុំវិញការអះអាងរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន៕