(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានស្នើឱ្យរៀបចំកិច្ចប្រជុំកំរិតការងារជាមួយកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចូលរួមរបស់ កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងបានស្នើមកកាន់កូរ៉េខាងត្បូងថា កូរ៉េទាំងពីរនឹងជួបប្រជុំគ្នាជាថ្មីនៅថ្ងៃពុធ នៅឯភូមិ Panmunjom ហើយកូរ៉េខាងជើងនឹងបញ្ជូនក្រុមប្រតិភូរបស់ខ្លួនបីរូប ដឹកនាំដោយ លោក ចុន ចុងស៊ូ (Jon Jong-su) ជាអនុប្រធានទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ ដែលមានឋានៈស្មើនឹងអនុរដ្ឋមន្ត្រីផងដែរ។
គួរបញ្ជាក់ថា សំណើរបស់កូរ៉េខាងជើង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េទាំងពីរជួបចរចាគ្នា នៅឯអាគារ Tongilgak គ្រប់គ្រងដោយកូរ៉េខាងជើង នៅឯភូមិ Panmunjom កាលពីម៉ោង ១០៖១១នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដើម្បីពិភាក្សាគ្នាស្ដីពីការបញ្ជូនក្រុមសិល្បៈកូរ៉េខាងជើង ឱ្យមកចូលរួមសម្ដែងក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ រៀបចំឡើងនៅក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូងពីខែកុម្ភៈ រហូតដល់ខែមីនា៕