(ហ្គាហ្សា)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) បាននិយាយថា ប៉ាឡេស្ទីនមិនទទួលស្គាល់សហរដ្ឋអាមេរិក ជាអ្នកសម្របសម្រួលផ្សះផ្សាជម្លោះជាមួយ នឹងអ៊ីស្រាអែលទៀតឡើយ ហើយក៏នឹងមិនទទួលស្គាល់ដែរនូវ កិច្ចព្រមព្រៀងដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
លោក Abbas ថ្លែងបែបនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនថា ព្រះអង្គម្ចាស់រាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានប្រាប់លោកពីសំណើលម្អិតរបស់សហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងជំនួបប្រជុំមួយកាលពីថ្ងៃអាទិត្យ លោក Abbas បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនិយាយថា ទេចំពោះលោក ត្រាំ។ យើងនឹង មិនទទួលយកឡើងនូវរាល់កិច្ចព្រមព្រៀងដែលផ្ដួចផ្ដើមឡើងដោយរូបលោក... ហើយយើងក៏នឹងមិនទទួលដែរថា សហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលកិច្ចចរចាជាមួយ អ៊ីស្រាអែលតទៅទៀត»។
គួរបញ្ជាក់ថា បើតាមលោក Mahmoud Abbas ប៉ាឡេស្ទីននៅតែប្រកាន់ជំហរដដែល ដោយបន្តដើរតាមដំណោះស្រាយ ស្ដីពីការបង្កើតរដ្ឋប៉ាឡេស្ទីនកាលពីឆ្នាំ១៩៦៧ ដែលបានយកទីក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានី។ «ហ្សេរុយសាឡឹម គឺជារដ្ឋធានីរបស់យើង បើទោះជាពួកគេចង់ ឬមិនចង់ក៏ដោយ។ យើងនឹងនៅតែរស់នៅទីនេះ ហើយនឹងមិនទៅរកកន្លែងផ្សេងឡើយ បើទោះជាអ៊ីស្រាអែលកំពុងត្រួតត្រា លើទឹកដីប៉ាឡេស្ទីនក៏ដោយ»។ នេះបើតាមលោក Abbas៕