(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា កិច្ចសន្ទនាកំរិតខ្ពស់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្ដើមហើយនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នា ជុំវិញការបញ្ជូនក្រុមសិល្បៈកូរ៉េខាងជើង ឱ្យទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ រៀបចំឡើងនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក បេក តែយ៉ុន (Baek Tae-hyun) បានគូសបញ្ជាក់ថា កិច្ចសន្ទនាកំរិតខ្ពស់រវាងកូរ៉េ ទាំងពីរបាននិងកំពុងដំណើរការ នៅឯអាគារ តុងហ្គីលហ្គេក (Tongilgak) គ្រប់គ្រងដោយកូរ៉េខាងជើង នៅឯភូម ផាន់ម៉ុនចុម (Panmunjom)។ លោក Baek បន្ថែមថា កិច្ចសន្ទនានេះ បានចាប់ផ្ដើមនៅម៉ោង ១០៖១១នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ដើម្បីពិភាក្សាគ្នាស្ដីពីការបញ្ជូន ក្រុមសិល្បៈកូរ៉េខាងជើង ឱ្យទៅចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ
ឆ្នាំ២០១៨ រៀបចំឡើងនៅក្នុងទីក្រុង ព្យុងចាង (PyeongChang) ប្រទេសកូរ៉េខាងត្បូងពីខែកុម្ភៈ រហូតដល់ខែមីនា។
សូមជម្រាបថា បើតាមលោក Baek Tae-hyun កូរ៉េខាងជើងត្រូវបានគេរំពឹងថា អាចនឹងផ្ដល់ចម្លើយជុំវិញកិច្ចសន្ទនា នៅក្នុងអំឡុងសប្ដាហ៍នេះតែម្តង ហើយកូរ៉េទាំងពីរបានផ្លាស់ ប្ដូរគោលជំហរគ្នាទៅវិញទៅមកកាលពីចុងសប្ដាហ៍មុខ តាមរយៈខ្សែទូរស័ព្ទបន្ទាន់ (Hotline) ដែលត្រូវបានដាក់ឲ្យដំណើរវិញ ក្រោយពីបានជាប់គាំងអស់ជិត ០២ឆ្នាំ ដោយសារស្ថានការណ៍តានតឹងខ្លាំង៕