(ឡុងដ៍)៖ មេដឹកនាំគណបក្សការងារអង់គ្លេស លោក ជែរ៉េមី ខ័រប៊ីន (Jeremy Corbyn) បានចាប់ផ្ដើមចោទសួរពីតម្លៃ នៃទំនាក់ទំនងពិសេសជាមួយសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន មិនមែនជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត សម្រាប់អង់គ្លេសទៀតនោះទេ ខណៈលោកបានរិះគន់យ៉ាងខ្លាំងលើពាក្យសម្តីប្រមាថឥតឈប់ឈររបស់ លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។
សហរដ្ឋអាមេរិក និងអង់គ្លេសមានទំនាក់ទំនងពិសេស ចាប់តាំងពីសម័យដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក វីនស្តុន ឈើឈីល (Winston Churchill) ពោលគឺនៅអំឡុងសង្រ្គាមលោកលើកទី ២ មកម្ល៉េះ។ ជុំវិញទំនាក់ទំនងនេះដែរ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃអាទិត្យថា តើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺមានសារៈសំខាន់បំផុត សម្រាប់អង់គ្លេសមែនទេ? លោក Jeremy Corbyn បានឆ្លើយយ៉ាំងដូច្នេះថា «ទេ! ខ្ញុំគិតថានៅមានទំនាក់ទំនងសំខាន់ៗជាច្រើនទៀត ក្នុងនោះរួមមានទាំងជាមួយ ចិន ឥណ្ឌា សហភាពអឺរ៉ុប និងបណ្ដាអង្គការអន្តរជាតិជាដើម»។
មេគណបក្សនយោបាយខាងលើបានបន្តថា «ម្យ៉ាងវិញទៀត ខ្ញុំមិនប្រាកដនោះទេថា នរណាម្នាក់ទទួលបានជោគជ័យ ក្នុងការកំណត់ទំនាក់ទំនងពិសេស... ប៉ុន្តែ បើសិនជាពួកគេចង់បញ្ជាក់ឡើងវិញថា អ្វីជាទំនាក់ទំនងពិសេស នោះវាមិនមែនជាទំនាក់ទំនងពិសេសឡើយ»។ យ៉ាងណាក៏ដោយ លោកនៅតែទទួលស្គាល់ដដែលថា ទីក្រុងវ៉ាស៊ីនតោន ពិតជាមានសារៈសំខាន់ផ្នែកទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ជាមួយអង់គ្លេស។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Jeremy Corbyn កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលគំរោងធ្វើដំណើរទៅកាន់អង់គ្លេស ដើម្បីចូលរួមពិធីសម្ពោធស្ថានទូតអាមេរិកថ្មី ប្រចាំទីក្រុងឡុងដ៍ ដោយលោកថា មិនពេញចេញចំពោះតម្លៃ និងទីតាំងសាងសង់ស្ថានទូតថ្មីនោះ ដែលត្រូវបានសម្រេចតាំងតែពីសម័យអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា៕